• 2019-01-24 08:45:00
  • ព័ត៌មាន

មក​ដឹង​ពី​លក្ខណៈ​សម្បត្តិ​របស់​កាស AirPods ជំនាន់​ទី ២ រៀប​ចេញ​នា​ពាក់​កណ្ដាល​ឆ្នាំ​នេះ

  • 2019-01-24 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​របាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ របស់ Digitimes បាន​លើក​ឡើង​ថា​កាស​ឆ្កុយ ឥត​ខ្សែ​របស់ Apple ដែល​ពេញ​និយម​បំផុត​គឺ AirPods នោះ​នឹង​ចេញ​ជា​ម៉ូដែល​ថ្មី​របស់​ខ្លួន ដែល​អាច​មាន​ឈ្មោះ​ថា AirPods 2 ក្នុង​អំឡុង​ពេល​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ នេះ។ នៅ​ក្នុង​របាយការណ៍​នោះ​ទៀត Digitimes បាន​លើក​ឡើង​ថា AirPods 2 អាច​នឹង​មាន​រូបរាង​ថ្មី ដោយ​មាន​ការ​ភ្ជាប់​មក​ជាមួយ​នូវ​មុខងារ​តាម​ដាន​សុខភាព​ទៀត​ផង តែ​មិន​បាន​លម្អិត​ថា​មុខងារ​នោះ​នឹង​ដំណើរ​ការ​ដូច​ម្ដេច​ឡើយ។

និយាយ​ពី​មុខងារ​សុខភាព​នេះ Apple សឹង​តែ​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​ទៅ​ហើយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ក្រុមហ៊ុន​នានា​ដូចជា Samsung ឬ​ក៏​ Sony ព្រោះ​នាឡិកា​ឆ្លាត​វៃ​របស់​ខ្លួន Apple Watch ជា​ឧបករណ៍​តាម​ដាន​សុខភាព​ដ៏​ល្អ​មួយ ហើយ​ក៏​ជា​នាឡិកា​ឆ្លាតវៃ​ដែល​លក់​ដាច់​បំផុត​ក្នុង​ពិភពលោក​ដែរ។

មុខ​ងារ​ពិសេស​មួយ​ទៀត​ដែល​គេ​អាច​នឹង​ឃើញ​មាន​ក្នុង AirPods 2 នោះ គឺ​ការ​សាក​ថ្ម​ប្រអប់​វា ដោយ​មិន​ប្រើ​ខ្សែ (wireless charging) ដែល​ប្រអប់ AirPods សព្វ​ថ្ងៃ​អាច​សាក​បាន​ដោយ​ប្រើ​តែ​ឌុយ Lightning ដូច iPhone តែ​ប៉ុណ្ណោះ។ លក្ខណៈ​សម្បត្តិ​នេះ អាច​មាន​សង្ឃឹម​ខ្ពស់​ខ្លាំង​ថា​នឹង​ក្លាយ​ជា​ការពិត ព្រោះ​គេ​បាន​ទទួល​ដំណឹង​ពី​ការ​ចាប់​ផ្ដើម​សង្វាក់​ផលិតកម្ម​ឆ្នាំង​សាក​ឥត​ខ្សែ Apple AirPower ដែល​អាច​សាក iPhone, Apple Watch និង AirPods ដែល​មាន​ប្រអប់​គាំ​ទ្រ​មុខ​ងារ​សាក​ថ្ម​ដោយ​ឥត​ខ្សែ ក្នុង​ពេល​តែ​មួយ​​តាំង​តែ​ពី​ចុង​ឆ្នាំ ២០១៧ មក​ម៉្លេះ។

ចំពោះ មុខងារ​ផ្សេង​ៗ​ដែល​គេ​រំពឹង​ទុក​ថា​អាច​នឹង​មាន​នៅ​ក្នុង AirPods 2 ជំនាន់​ចុង​ក្រោយ​នោះ គឺ​ការ​ដឹង​ពី​កម្រិត​សំឡេង​ត្រឹមត្រូវ​ពេល​ដាក់​ក្នុង​ត្រចៀក មុខងារ​ហៅ Siri បញ្ជា​ដោយ​សំឡេង "Hey Siri” និង​ចុង​ក្រោយ គឺ​ការ​ការពារ​ពី​ការ​ខ្ទាត​ទឹក​ប៉ះ ឬ​ក៏​ទប់​ការ​ចូល​ធូលី និង​ទឹក​កម្រិត​ស្រាល​ជាដើម (Splash Proof or Water Resistance)។

ចាំ​មើល​ថា កាស​ឥត​ខ្សែ AirPods 2 របស់​ Apple ចេញ​មក​មាន​រូបរាង​ប្លែក និង​មុខងារ​ថ្មី​អស្ចារ្យ​យ៉ាងណា​នោះ មាន​តែ​ចាំ​មើល​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ ជាមួយ Sabay ទាំង​អស់​គ្នា។

ចុចអាន៖

ប្រភព៖ Bgr ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់