• 2018-12-27 03:37:24
  • ព័ត៌មាន

ក្រុមហ៊ុន​ Toyota និង Mazda នឹង​ចំណាយ​លុយ ៦ លាន​ដុល្លារ​ ដើម្បី​សត្វ​ត្រីមួយ​ប្រភេទ

  • 2018-12-27 03:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​ខែ​មុននេះ ក្រុមហ៊ុន​​ផលិត​រថយន្តយក្ស ២ របស់​ជប៉ុន Toyota និង Mazda បាន​ចូល​ដៃ​គ្នា​បង្កើត​រោង​ចក្រ​ផលិត​រថយន្ត​រួម​គ្នា​មួយ​នៅ ក្នុង​រដ្ឋ​អាឡាបាម៉ា​ (Alabama) សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​បន្ទាប់​ពី​ការ​យល់​ព្រម​ចូល​រួម​ធ្វើ​រោង​ចក្រ​ជាមួយ​គ្នា​ ក្រុមហ៊ុន​ទាំង ២ នេះ ​ក៏​ត្រូវ​ដោះ​ស្រាយ​បញ្ហា​មួយ​រួម​គ្នា​ដែរ ជាមួយ​នឹង​អ្នក​ក្បែរ​ខាង​ទីតាំង​សាង​សង់​រោង​ចក្រ​នោះ។

តាម​ពិត​ទៅ អ្នក​ក្បែរ​ខាង​នៅ​តំបន់​សាងសង់​រោង​ចក្រ​នោះ មិន​មែន​ជា​ប្រជាជន​អ្វី​ឡើយ គឺ​ជា​ពូជ​ត្រី​ម៉្យាង​ដែល​មាន​ឈ្មោះ​ថា Spring Pygmy Sunfish ដែល​មាន​ទី​ជម្រក​នៅ​តាម​ប្រភព​ទឹក​ក្បែរ​ៗ​នោះ។ ការ​ចំណាយ​សម្រាប់​ការ​ការពារ​ពូជ​ត្រី​នេះ Toyota និង Mazda ត្រៀម​ថវិកា​បម្រុង​ប្រហែល​ជា ៦ លាន​ដុល្លារ​ឯណោះ។

ការ​សាង​សង់​រោង​ចក្រ​ផលិត​រថយន្ត​ មាន​ផល​ប៉ះ​ពាល់​ច្រើន​ដល់​បរិស្ថាន​ជាពិសេស​សម្រាប់​ជីវិត​សត្វ​ដែល​រស់​នៅ​ក្បែរ​ទីតាំង​រោង​ចក្រ​នោះ​ទាំង​មូល​តែ​ម្ដង។ តាម​ការ​បញ្ជាក់​របស់​អ្នក​តំណាង​ក្រុមហ៊ុន ទឹក​ប្រាក់​ចំនួន ២ លាន​ដុល្លារ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់ ការ​ស្ដារ​ឡើង​វិញ និង​ថែរក្សា​ជម្រក​របស់​ពូជ​ត្រី​នោះ បូក​រួម​ជាមួយ​នឹង​គម្រោង​ត្រួត​ពិនិត្យ​ឡើង​វិញ​ផង​ដែរ។ ចំណែក​លុយ ៤ លាន​ដុល្លារ​ទៀត គឺ​ជា​លុយ​ត្រៀម​សម្រាប់​ឧបត្ថម្ភ​គម្រោង​ការ​ណា​មួយ ដែល​ជួយ​អភិរក្ស​ជម្រក​សត្វ​ ជា​លក្ខណៈ​អចិន្ត្រៃយ៍​តែ​ម្ដង។

បុគ្គលិក​នៃ​ក្រុម​មេធាវី​នៃ​មជ្ឈមណ្ឌល​ជីវសាស្ត្រ​ចម្រុះ​ Elise Bennett បាន​លើក​ឡើង​ថា "ពួក​យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល Toyota និង Mazda បាន​ធ្វើ​រឿង​នេះ​ចំពោះ​ពពួក​ត្រី​តូច​ៗ Sunfish ហើយ​ដោយ​សារ​តែ​ការ​ព្រមព្រៀង​នេះ ពូជ​ត្រី​ Sunfish នឹង​មាន​ឱកាស​រស់​រាន​កាន់​តែ​ច្រើន" ។

គួរ​បញ្ជាក់​ដែរ​ថា រោង​ចក្រ​ដែល​ធ្វើ​ឡើង​រួម​គ្នា​ដោយ Toyota និង Mazda នេះ​មាន​តម្លៃ​ដល់​ទៅ ១,៦ ពាន់​លាន​ដុល្លារ​ឯណោះ ហើយ​វា​នឹង​ក្លាយ​ទៅ​ជា​រោង​ចក្រ​ផ្គត់​ផ្គង់​រថយន្ត Toyota Corolla ឆ្នាំ ២០២០ និង រថយន្ត​ប្រភេទ Crossover មួយ​ប្រភេទ​មិន​បញ្ចេញ​ឈ្មោះ​របស់ Mazda។ រោង​ចក្រ​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ដំណើរ​ការ​បាន​ពេញ​លេញ​នៅ​ឆ្នាំ ២០២១ ដោយ​អាច​ផលិត​រថយន្ត​បាន ៣០០ ០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ ដោយ​ផ្ដល់​ការងារ​ជាង ៤០០០ កន្លែង​ដល់​ប្រជាជន​អាមេរិក​ទៀត​ផង។

ចុចអាន៖

ប្រភព៖ Cnet ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់