• 2018-12-16 00:01:00
  • ចំណេះដឹង

Google, Apple, Adobe បង្កើត​គុណភាព​រូបភាពកាន់តែឡូយ​ជាមួយ​​ទម្រង់ RAW

  • 2018-12-16 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការ​ថតរូប​ប្រើ​ស្មាតហ្វូន គួរ​ផ្លាស់ប្ដូរ​ទម្លាប់​មក​ថត​ប្រើ​ទម្រង់​រូបភាព​ដើម (RAW)។ អ្នក​ថតរូប​អាជីព​ជា​ច្រើន ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ទិន្នន័យ​មិន​បាន​កែប្រែ​ដោយ​ផ្ទាល់​ពី Image Sensor របស់​កាមេរ៉ា ជៀស​ជាង​រូបភាព​ទម្រង់ JPEG ធម្មតា​។ 

ស្មាតហ្វូន Pixel 3 របស់ Google, កម្មវិធី Lightroom របស់ Adobe និង iPhone ម៉ូដែល​ថ្មី សុទ្ធតែ​មាន​ការ​ចិត្ត​ទុក​ដាក់​ជាមួយ​នឹង​ទម្រង់​រូបភាព​ដើម​នេះ​។  ក្នុង​ចំណោម​អ្នក​ថតរូប​អាជីព ១ ៨០០​នាក់​នៅ​សហរដ្ឋអាមេរិក មាន ៦៨% ថត​ប្រើ​ទម្រង់ RAW, ២០% ថត​លាយ​គ្នា​រវាង​ទម្រង់ RAW និង JPEG។ នេះ​បើ​តាម​ការ​ស្ទង់មតិ​មួយ​ពី​វេបសាយ​ Keypoint Intelligence។ 

ទិន្នន័យ​ដើម​ចេញ​ពី Sensor ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ពី​លើ​ទម្រង់ JPEG (មាន​អាយុកាល ២៦ឆ្នាំ) និង​ទម្រង់ HEIC ថ្មី ដែល Apple និង​ក្រុមហ៊ុន​ផលិត Chip Qualcomm មាន​ការ​ណែនាំ​ឲ្យ​ប្រើប្រាស់​។  បើ​ប្រើ​ទម្រង់​ទាំង​នោះ កាមេរ៉ា​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ពី​តុល្យភាព​ពណ៌, ពន្លឺ, កម្រិត Noise, កម្រិត​ម៉ត់ និង​ចំណុច​ជាច្រើន​ផ្សេង​ទៀត​ទាក់ទង​នឹង​រូបភាព ហើយ​ចេញ​ជា​លទ្ធផល​រូបភាព​មាន​ការ​កែប្រែ​មួយ​។ ការ​ថតរូប​ប្រើ​ទម្រង់​ដើម អាច​ឲ្យ​អ្នក​ថត​មាន​ការ​សម្រេចចិត្ត​លើ​ធាតុ​ផ្សំ​នៃ​គុណភាព​របស់​រូបភាព​។ 

ទាំង​ប្រព័ន្ធ iOS របស់ Apple និង Android របស់ Google អាច​ឲ្យ​កម្មវិធី​ទូរសព្ទ​ចាប់​យក​រូបភាព​ដើម ក្នុង​ទម្រង់ DNG (Digital Negative) របស់ Adobe ដែល​អាច​បញ្ចូល​ក្នុង​កម្មវិធី​ដូចជា Lightroom របស់ Adobe Systems, Darkroom របស់ Bergen ឬ Snapseed របស់ Google។ ហើយ​ដើម្បី​ថតរូប​ដើម ត្រូវការ​កម្មវិធី​ដូចជា Halide ឬ VSCO លើ iPhone, Open Camera សម្រាប់ Android, កម្មវិធី​កាមេរ៉ា​របស់ Google លើ​ទូរសព្ទ​ស៊េរី Pixel ឬ កម្មវិធី Lightroom ទាំង​លើ iOS ឬ Android។​

ទន្ទឹម​នឹង​អត្ថប្រយោជន៍​ដ៏​លើស​លប់​ពី​ការ​ប្រើប្រាស់​ទម្រង់​ដើម ក៏​មាន​ចំណុច​បង្អាក់​មួយ​ចំនួន​ផង​ដែរ​។ 

  • ត្រូវការ​កែប្រែ​រូបភាព​ទម្រង់​ដើម​ជា​មុន មុន​ពេល​អាច​ចែករំលែក​ជាមួយ​មិត្តភក្ដិ ឬ​ក្រុម​គ្រួសារ​។ មិនមែន​គ្រប់គ្នា​ចូលចិត្ត​ការ​កែប្រែ​រូបភាព​នោះ​ទេ​។ 
  • 3D Depth Maps របស់ iPhone ឬ Night Sight និង Super Res Zoom របស់​ទូរសព្ទ Pixel មិន​ទាន់​អាច​ដំណើរការ​បាន​សម្រាប់​រូបភាព​ទម្រង់​ដើម​នោះ​ទេ នា​ពេល​បច្ចុប្បន្ន​។ រី​ឯ​មុខងារ​ទប់​លំនឹង​របស់ iPhone ក៏​មិន​ទាន់​អាច​ប្រើ​បាន​នោះ​ដែរ ពេល​ថត​ប្រើ​ទម្រង់​ដើម​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់