• 2018-11-26 08:14:53
  • ព័ត៌មាន

ចិន​អះអាង​ថា​បង្កើត​បាន​​ទារក ដែល​​មានកែហ្សែន​ដំបូងក្នុងលោក​​​​​​​​​​

  • 2018-11-26 08:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិទ្យាសាស្ត្រ​ចិន​មួយ​ក្រុម​អះអាង​ថា​បាន​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា​ CRISPR ដើម្បី​កែច្នៃ​​ហ្សែន (ពូជ) ​របស់​មនុស្ស​ និង​បង្កើត​បាន​កូន​ភ្លោះ​ស្រី​មាន​សុខភាព​ល្អ ដែល​មាន​ឈ្មោះ​ថា​​ Lulu និង Nana។

រូបតំណាង

ទារក​​មួយ​គូ​នេះ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​​ចិន និយាយ​ថា​​ជា​មនុស្ស​លោក​ដំបូង​ដែល​ទទួល​បាន​ការ​កែប្រែ​ហ្សែន។ ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​វិបសាយ​បច្ចេកវិទ្យា​ MIT's Technology Review ដោយ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​​ឯកសារ​​វិជ្ជាពេទ្យ​របស់​ចិន​ក្នុង​អង្គការ​ Chinese Clinical Trial Registry ដែល​ដឹក​នាំ​ដោយ​អ្នក​ស្រាវជ្រាវ​ឈ្មោះ​ Jiankui He។

លោក Jiankui He

ឯកសារ​បាន​បង្ហាញ​ដែរ​ថា​​ក្រុម​អ្នក​វិទ្យាសាស្ត្រ​កំពុង​សាក​ល្បង​មើល​លើ​ការ​កែប្រែ​ហ្សែន​ CCR5 ដែល​ជា​ហ្សែន​បង្ក​ជា​មេរោគ​អេដស៍។ ដើម្បី​ធ្វើ​ដូច​នេះ​បាន​គេ​ត្រូវ​ប្រើ​ប្រាស់​​កន្ត្រៃ​ដ៏​មាន​អនុភាព​ឈ្មោះ​ CRISPR ជា​បច្ចេកវិទ្យា​ដែល​អាច​ "Cut និង Paste” ហ្សែន​បាន​ អនុញ្ញាត​ឲ្យ​ផ្នែក​មួយ​នៃ​ DNA ​ដក​ចេញ​ និង​ដាក់​ចូល​វិញ​បាន​ តាម​ចិត្ត​ចង់។

ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ CRISPR ដើម្បី​កែប្រែ​ហ្សែន​ CCR5 អ្នក​វិទ្យាសាស្ត្រ​​សង្ឃឹម​ថា​​នឹង​អាច​ឲ្យ​កូន​ភ្លោះ​ស្រី​ឈ្មោះ​​​ Lulu និង Nana ​ស៊ាំ​​នឹង​​មេរោគ​អេដស៍​បាន​ពេញ​មួយ​ជីវិត។ ក្នុង​វីដេអូ​ដែល​បង្ហោះ​​លើ​គណនី​ YouTube អ្នក​ស្រាវជ្រាវ​ឈ្មោះ​ Jiankui He បាន​អះអាង​ថា​ទារក​ភ្លោះ​ដែល​បាន​កែច្នៃ​ហ្សែន​​មាន​សុខភាព​ដូច​ទារក​ធម្មតា​ដែរ។ ក្រុម​អ្នក​ស្រាវជ្រាវ​​ដែល​ដឹក​នាំ​ដោយ​លោក​ Jiankui បាន​កែប្រែ​ហ្សែន​ដៃ​គូ​ចំនួន ៧ ​គូ​មក​ហើយ ដោយ​ទើប​មាន​មួយ​គូ​​មាន​លទ្ធផល​ជា​ការ​ពពោះ។

លោក​ Jiankui បាន​បក​ស្រាយ​​ថា​ដំណើរ​ការ​​​គឺ​មាន​ទាក់ទង​នឹង​ការ​​យក​​មេ​ជីវិត​​ពី​ឪពុក​ម្ដាយ​, រួច​បង្កើត​អំប្រ៊ីយ៉ុង​ក្នុង​ IVF បន្ទាប់​មក​ទើប​ប្រើ​ CRISPR ដើម្បី​កែប្រែ​​ហ្សែន​ CCR5។ ក្រោយ​មក​ទៀត​ទើប​អំប្រ៊ីយ៉ុង​​​ត្រូវ​វិវត្តន៍​នៅ​ក្នុង​ម្ដាយ​ ដោយ​មាន​ប្រើ​ឈ្មោះ​សម្គាល់​ថា​ "Grace” រួច​ទើប​ប្ដូរ​ដាក់​ “Lulu និង Nana” វិញ​ក្រោយ​ដឹង​ថា​ជា​កូន​ភ្លោះ។

គួរ​ដឹង​ថា​កិច្ចប្រជុំ​កំពូល​អន្ដរជាតិ​លើក​ទីពីរ​ស្តី​ពី​ការ​កែប្រែ​ហ្សែន​របស់មនុស្ស​​​​​​​​​​​​​​​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហុងកុង​នា​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា​នេះ ដោយ​ការ​កែប្រែ​ហ្សែន​នឹង​ជា​ប្រធានបទ​ក្ដៅ​គគុក​មួយ៕ ​

ប្រភព៖ Cnet ប្រែ​សម្រួល៖ សុខហេង

មតិយោបល់