• 2018-11-08 23:33:00
  • ចំណេះដឹង

ត្រួសៗ​ពី​ការ​ប្រើប្រាស់​ Face ID លើ​ iPad Pro ថ្មី​ ពេលអត់ប្រើ​ប៊ូតុង​ Home និង Touch ID

  • 2018-11-08 23:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPad Pro ថ្មី​ ២០១៨ លែង​មាន​ប៊ូតុង​ Home ក៏​មិន​មាន​ Touch ID ដែរ​ ប៉ុន្តែ​ជំនួស​មក​វិញ​នូវ​ Face ID បំពាក់​លើ​ iPad ជា​លើក​ដំបូង​។ Face ID លើ​ iPad Pro ដំណើរការ​ដូច​នឹង​លើ​ iPhone ដែរ​ ប៉ុន្តែ​មាន​ចំណុច​ថ្មី​ខ្លះ​គួរ​ដឹង​។

បើក​ដំណើរការ​

ពេល​បើក​ iPad Pro ដំបូង​ នឹង​មាន​ផ្ទាំង​ ដើម្បី​បើក​ដំណើរការ​ Face ID បើ​រំលង​ចំណុច​នេះ​ អាច​ចូល​ទៅ​កាន់​ Settings > Face ID & Passcode > Set up Face ID។

ដំណើរការ​សម្គាល់​មុខ​នេះ​ អាច​ចំណាយ​ពេល​តិច​ជាង​មួយ​នាទី​ ដោយ​ត្រូវការ​កាន់​ iPad Pro ដាក់​ពី​មុខ​ ងើយ​មុខ​ឡើង​បន្តិច​ ទុក​ពេល​ឲ្យ​ប្រព័ន្ធ​កាមេរ៉ា​ True Depth បំពេញ​ការងារ។​

Face ID ត្រូវការ​បង្កើត​គំរូ​មុខ​របស់​អ្នក​ ដូចនេះ​ត្រូវការ​ឲ្យ​ប្រព័ន្ធ​កាមេរ៉ា​ស្កេន​មុខ​របស់​អ្នក​ពីរ​ដង​។ កាន់​ iPad ប្រាកដ​ថា​មុខ​បង្ហាញ​ក្នុង​រង្វង់​លើ​អេក្រង់​ ហើយ​បង្វិល​ក្បាល​ជា​រង្វង់​។

ទីតាំង​មិន​សំខាន់​

ពេល​ប្រើ​ iPhone បំពាក់​ Face ID អាច​ត្រឹម​ Unlock ទូរសព្ទ​ ពេល​កាន់​ទូរសព្ទ​បញ្ឈរ​ កាមេរ៉ា​នៅ​លើ​ធម្មតា​។​ ពេល​កាន់​ប្រើ​ iPad Pro មុខងារ​ Face ID អាច​ដំណើរការ​បាន​គ្រប់​ជ្រុង​ទោះ​ផ្តេក​ ឬ​បញ្ឈរ​។

កុំ​យក​អ្វី​គ្រប​កាមេរ៉ា​

iPad Pro នឹង​បង្ហាញ​សារ​មួយ​នៅ​ខាង​លើ​ម៉ោង​ ជាមួយ​ពាក្យ​ Camera covered និង​សញ្ញា​ព្រួញ​មួយ​តម្រង់​ទៅ​កាន់​ទីតាំង​កាមេរ៉ា​។ នេះ​អាច​ជូន​ដំណឹង​លើ​ផ្ទាំង​ Lock screen ហើយ​ក៏​មាន​ញ័រ​ ពេល​មាន​អ្វី​គ្រប​លើ​កាមេរ៉ា​ ពេល​ Face ID ត្រូវ​បាន​ប្រើ​ ដូចជា​ពេល​ទិញ​កម្មវិធី​ពី​ App Store។

ចម្ងាយ​ប៉ុណ្ណា​នៅ​អាច​ដំណើរការ​បាន?​

បើ​ស្ថិត​នៅ​ឆ្ងាយ​ពី​ iPad ពេក​ នឹង​មាន​សារ​បង្ហាញ​ថា​ Face is too far away ដែល​ត្រូវការ​ឲ្យ​អ្នក​នៅ​កៀក​បន្តិច​ ដើម្បី​ Unlock ចូល​ប្រើ​ iPad ល្អ​បំផុត​ចម្ងាយ​ប្រវែង​ដៃ​។

Settings

ចូល​ទៅ​កាន់​ Settings > Face ID & Passcode ហើយ​បញ្ចូល​លេខ​កូដ​ ពេល​មាន​ផ្ទាំង​បង្ហាញ​។ ក្នុង​នោះ​អាច​កំណត់​ការ​ប្រើប្រាស់​ Face ID តាម​ការ​គួរ​ ឧទាហរណ៍​ មិន​ចង់​ឲ្យ​ Face ID ដំណើរការ​ជាមួយ​មុខងារ​ iOS Password Autofill ឬ​ចង់​ប្រើ​ Face ID កាន់​តែ​ទុក​ចិត្ត​ ដោយ​បិទ​ Require attention for Face ID ដែល​តម្រូវ​ឲ្យ​អ្នក​មើល​អេក្រង់​ iPad មុន​ពេល​ Face ID ដំណើរការ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់