• 2018-10-22 03:20:26
  • ផលិតផលថ្មី

​ទំនើប​ហួសស្មាន បូមប្រភេទថ្មីលើ​រថយន្ត​ Audi A8 អាចជួយជីវិតអ្នកដំណើរយ៉ាងមានប្រសិទ្ធភាព (មានវីដេអូ)

  • 2018-10-22 03:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភេទបូមដែលគេហៅថា “Active Suspension” ត្រូវបានក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ Audi យកមកអភិវឌ្ឍថ្មី ដោយធ្វើឲ្យបច្ចេកវិទ្យានេះទំនើបហួសស្មាន ដែលវាត្រូវបានគេចាត់ទុកថា “Fully Active Suspension” ដែលបំពាក់មកលើរថយន្តប្រភេទ Sedan ទំនើបរបស់ខ្លួនគឺ Audi A8។

ប្រព័ន្ធបូមនេះដើមឡើយ ត្រូវបានគេបង្កើតឡើងសម្រាប់កាត់បន្ថយភាពរលាក់របស់រថយន្ត នៅពេលដែលបើកបរលើផ្លូវដែលមានស្ថានភាពមិនល្អ មានជង្ហុកច្រើន។ ដោយមើលឃើញគុណសម្បត្តិនៃប្រព័ន្ធបូមប្រភេទនេះ Audi បានធ្វើការអភិវឌ្ឍបន្ថែម ដោយមាន Sensor ចាប់យកសកម្មភាពពីចំហៀងរថយន្ត ប្រព័ន្ធអគ្គិសនីកម្លាំង ៤៨ វ៉ុល និងប្រព័ន្ធគ្រប់គ្រងមេកានិចដ៏រហ័សទៀតនោះ ធ្វើឲ្យបូមថ្មីរបស់ Audi A8 អាចការពារអ្នកដំណើរក្នុងរថយន្តបានយ៉ាងមានប្រសិទ្ធភាព ពីការប៉ះទង្គិចពីចំហៀងរថយន្ត។ ប្រព័ន្ធបូមដ៏ទំនើបនេះ នឹងចាប់យកនូវគ្រោះថ្នាក់នានាជុំវិញរថយន្ត ហើយបើសិនជាមានគ្រោះថ្នាក់មកពីចំហៀងនោះ ប្រព័ន្ធបូមរបស់ Audi A8 នឹងលើករថយន្តឡើងទៅលើ (លើកចំហៀងដែលរៀបនឹងត្រូវប៉ះ) បាន ៣,១ អ៊ីញដើម្បីកាត់បន្ថយកម្លាំងទង្គិចនោះចេញពីទ្វាររថយន្ត ហើយឲ្យកាងរថយន្តផ្នែកក្រោមទ្វារ ដែលជាផ្នែករបស់តួរថយន្តដែលរឹងមាំបំផុតនោះ ទទួលយកកម្លាំងប៉ះទង្គិចនោះវិញ។

ការសាកល្បងនោះគឺ គេយកស្នោពណ៌លឿងមួយដុំធំរត់ក្នុងល្បឿន ៤៨,២ គ.ម/ម៉ ឲ្យរត់មកបុកចំហៀង Audi A8 ដែលចតស្ងៀម។ ដំណើរការប្រព័ន្ធសុវត្ថិភាពក្នុង Audi A8 នោះគឺ Sensor នៅផ្នែកចំហៀងបានចាប់យកសកម្មភាពស្នោនោះពេលមកជិត និងបានត្រៀមរថយន្តសម្រាប់ការប៉ះទង្គិច ដោយវាបានដំណើរការពោងសុវត្ថិភាពទុកឲ្យហើយ។ ពេលកាន់តែខិតជិតដល់ រាល់បង្អួច និងដំបូលដែលបានបើកត្រូវបានបិទដោយស្វ័យប្រវត្តិ។ ចុងក្រោយ នៅពេលដែលកៀកមែនទែន បូមចំហៀងខាងរៀបនឹងប៉ះនោះ នឹងដំឡើងខ្លួនឯងមួយរំពេចតែម្ដង ដើម្បីការពារកុំឲ្យកម្លាំងពីការបុកប៉ះទ្វារទាំងស្រុង។

ក្រៅពីប្រព័ន្ធបូមទំនើបនេះ Audi A8 ក៏នៅមានប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតដែរ ដូចជាប្រព័ន្ធឲ្យដំណឹងពេលចេញក្រៅគន្លង ប្រព័ន្ធជំនួយពេលស្ទះចរាចរណ៍ (Audi’s Traffic jam Assist) និង Adaptive Cruise Control ជាដើម ដែលប្រព័ន្ធដ៏ទំនើបទាំងនេះ ដំណើរការដោយ រ៉ាដា ប្រព័ន្ធចាប់ឡាស៊ែរ និងកាមេរ៉ាសុវត្ថិភាពជុំវិញរថយន្ត។

គួរបញ្ជាក់ផងដែរថា Audi A8 មានតម្លៃចាប់ផ្ដើមពី ៨៤ ៧៩៥ ដុល្លារ (ទីផ្សារអាមេរិក) ហើយបច្ចេកវិទ្យាបូមសុវត្ថិភាពនេះ និងបង្ហាញខ្លួនលើ Audi A8 ស៊េរីឆ្នាំ ២០២០ ខាងមុខនេះ។

ចុចអាន៖

ប្រភព៖ autonews ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់