• 2018-09-06 03:44:49
  • ព័ត៌មាន

វៀតណាមជាទីផ្សារ Ecommerce សំខាន់​បំផុត​មួយ​​នៅ​អាស៊ីអាគ្នេយ៍

  • 2018-09-06 03:44:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ក្រសែ​ភ្នែក​​បណ្ដា​វិនិយោគិន វៀតណាម​ជា​ប្រទេស​មួយ​មាន​សក្ដានុពល​បំផុត ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ចំពោះ​ពាណិជ្ជ​អេឡិចត្រូនិក ឬ​ឌីជីថល (eCommerce)។ ជាមួយ​នឹង​កំណើន​ប្រចាំ​ឆ្នាំ​​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល (៣៣%) កាល​ពី​២​ឆ្នាំ​មុន eCommerce ប្រទេស​វៀតណាម​ក៏​ជាប់​ចំណាត់​ថ្នាក់​ខ្ពស់​ក្នុង​តំបន់​ផង​ដែរ។ ក្រុមហ៊ុន​ពិគ្រោះ​យោបល់​អាជីវកម្ម Frost & Sullivan បាន​ព្យាករណ៍​ថា ទីផ្សារ eCommerce ប្រទេស​ជាប់​ព្រំដែន​កម្ពុជា​នេះ នឹង​កើន​ដល់ ៣,៧ពាន់​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​ ២០៣០។ ឆ្នាំ​២០១៧ ជា​ពេលវេលា​ដ៏​អំណោយ​ផល​បំផុត ដោយ​បាន​ទាញ​​​ការ​វិនិយោគិន​បរទេស​យ៉ាង​ច្រើន មក​​រកស៊ី​វិស័យ​នេះ។

ដើម្បី​ស្វែង​យល់​ពី​ការ​វិនិយោគ គេហទំព័រ​ជំនាញ​ផ្នែក​​ស្រាវជ្រាវ​ជំនួញ​បែប​ឌីជីថលiPrice  និង Cento Ventures បាន​សហការ​គ្នា សិក្សា​ពី​ការ​វិយោគ​លើ​វិស័យ eCommerce នៅ​វៀតណាម​។ ជា​លទ្ធផល​​អ្នកជំនាញ​ទាំង​ពីរ​ បាន​រក​ឃើញ​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន។

អ្នកណា​នៅ​ពី​ក្រោយ​ការ​ផ្ដល់​ហិរញ្ញប្បទាន​ក្នុង​វិស័យ eCommerce នៅ​វៀតណាម?

ក្រុមហ៊ុន​ដែល​វិយោគ​ខ្លាំង​បំផុត​ទៅក្នុង​ទីផ្សារ eCommerce វៀតណាម​មាន Alibaba, Tencent, Temasek Holdings, Dragon Capital and CyberAgent Ventures និង IDG Ventures Vietnam។ ប៉ុន្តែ​ Alibaba, Tencent, និង Temasek Vietnam ទើប​តែ​បាន​ចាប់​ផ្ដើម​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​ប៉ុណ្ណោះ។ ខែ​ មករា ឆ្នាំ ២០១៨ JD.Com​ ក្រុមហ៊ុន​​អ៊ីនធឺណិត​ធំ​បំផុត​របស់ Tencent (ចិន) បាន​វិនិយោគ​លើ​ក្រុមហ៊ុន​វៀតណាម Tiki.vn ហើយ​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​នៃ​ក្រុមហ៊ុន​មួយ​នេះ។ បើ​តាម​ការ​​ប៉ាន់ប្រមាណ​​របស់​ព័ត៌មាន​ក្នុង​ស្រុក ទំហំ​នៃ​ការ​វិនិយោគ​មាន​ប្រហែល ៤៤ លាន​ដុល្លារ​អាមេរិក។ មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​Tencent ថ្មីៗ​នេះ ក៏​បាន​ពង្រីក​ភាគហ៊ុន​របស់​ខ្លួន ក្នុង​​ក្រុមហ៊ុនឌីជីថល​ និង​ VNG ដែល​មាន​តែ​មួយ​គត់​នៅ​វៀតណាម។

បន្ថែម​លើ​នេះ ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី​ SEA Limited (Garena) បាន​ហក់​ចូល​ទីផ្សារ​វៀតណាម​តាម​រយ​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ Shopee​ ដែល​ Tencent ជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត។

ចំណែក​ក្រុមហ៊ុន Lazada ដែល​ជា​របស់​លោក Jack Ma ដែរ​នោះ គឺគាំទ្រ​ដោយ Alibaba រួមជាមួយ​នឹង​​ក្រុមហ៊ុន Temasek Holdings និង Global Investment ជា​របស់​រដ្ឋាភិបាល​សិង្ហបុរី។ ឆ្នាំ​ ២០១៤ Temasek Holdings បាន​វិនិយោគ​លើ ២៤៩ លាន​ដុល្លារ​ លើ Lazada។ ឆ្នាំ​ ២០១៧ ​ Alibaba វិនិយោគ ១ពាន់​លាន​ដុល្លារ កើន​ភាគ​ហ៊ុន​សរុប ៨៣%។ មុន​វិនិយោគ​លើ​ Lazada ក្រុមហ៊ុនTemasek ក៏​បាន​បោះ​ទុន​លើ​ក្រុមហ៊ុន​អ៊ីនធឺណិត FPT Corporation របស់ Sendo និង​ FPT Shop របស់​វៀតណាមដែរ។ ឆ្នាំ​ ២០១៨ Sendo បាន​ក្លាយ​ជា​ក្រុមហ៊ុន ​eCommerce ពេញ​និយម​បំផុត​នៅ​វៀតណាម។

ការ​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ថា វៀតណាម​ក៏​ជា​ទីផ្សារ​មាន​សក្ដានុពល​មួយ​ផង​ដែរ សម្រាប់​វិនិយោគិន​បរទេស ​ពិភពលោក​មាន​ដូចជា ជប៉ុន អាល្លឺម៉ង់ និង​​អាមេរិក​ជាដើម។

ក្រុមហ៊ុន​ជប៉ុន​ទាំង៦ ដែល​មក​វិនិយោគ​នៅ​វៀតណាម​មាន BEENOS, CyberAgent Ventures, econtext Asia , SBI Holdings, Sumitomo Corporation, Trancosmos។ ជប៉ុន​បាន​វិនិយោគ ៩,១ពាន់​លាន​ដុល្លារ ខណៈ​កូរ៉េ​មាន​តែ ៨,៥ពាន់​លាន​ប៉ុណ្ណោះ ក្លាយ​ជា​ប្រទេស​បរទេស​វិនិយោគ​ផ្ទាល់ (FDI) ធំ​ជាង​គេ​នៅ​វៀតណាម៕

ប្រភព៖ iprice | Customerthink ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់