• 2018-08-14 01:21:57
  • ប្រវត្តិបច្ចេកវិទ្យា

មុនមាន Facebook មាន​បណ្តាញ​សង្គម ៣ ល្បីមិនធម្មតា តែ​ឥលូវ​សឹង​តែ​បាត់ឈ្មោះ

  • 2018-08-14 01:21:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

ឲ្យតែឮពាក្យថាបណ្ដាញសង្គម (Social Network) អ្វីដែលមនុស្សសឹងតែគ្រប់គ្នានៅជុំវិញពិភពលោកនឹកឃើញមុនគេនោះ គឺ Facebook ហើយ ដោយបណ្ដាញសង្គមយក្សរបស់អាមេរិកបង្កើតឡើងក្នុងឆ្នាំ ២០០៤ នេះ បានកើនប្រជាប្រិយភាពយ៉ាងគំហុក ដែលវាមិនត្រឹមតែជាកន្លែងសម្រាប់ទំនាក់ទំនងគ្នារវាងមិត្តភក្ដិ គ្រួសារ និងមិត្តរួមការងារប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាកន្លែងដែលអាចលក់ដូរទំនិញនានា ផ្សាយពាណិជ្ជកម្មផលិតផល ឬក៏សេវាកម្ម និងជាកន្លែងប្រមូលផ្ដុំទៅដោយព័ត៌មាន និងការកម្សាន្ត។

យ៉ាងណាមិញ Facebook មិនមែនជាអ្នកចាប់ផ្ដើមមុនដំបូងគេឡើយសម្រាប់បណ្ដាញសង្គមនោះ គឺមុនពេលដែល Facebook ចាប់ផ្ដើមលោតចូលក្នុងទីផ្សារនេះ មានក្រុមហ៊ុន ៣ ធំៗដែលបានប្រកួតប្រជែងគ្នា។ បញ្ដាញសង្គមយក្សទាំង ៣ នោះគឺ Friendster, MySpace និង Second Life។

១. Friendster

កាលពីមុនមាន Facebook បណ្ដាញសង្គម Friendster ត្រូវបានគេចាត់ទុកថា ជាបណ្ដាញសង្គមដ៏ល្បីបំផុតមួយ ដែលគ្រាន់តែបង្កើតឡើងបានប៉ុន្មានខែប៉ុណ្ណោះ ក្នុងឆ្នាំ ២០០៣ បណ្ដាញសង្គមមួយនេះមានអ្នកប្រើប្រាស់ជាប្រចាំដល់ទៅ ៣ លាននាក់បាត់ទៅហើយប្រចាំខែ។ ស្ថាបនិកបណ្ដាញសង្គមនេះ លោក Jonathan Abrams ធ្លាប់ត្រូវ Google ដាក់សំណើរសុំទិញ Friendster ដោយផ្ដល់ទឹកប្រាក់ជាង ៣០ លានដុល្លារ តែលោកមិនព្រមលក់ ដោយព្យាយាមវិនិយោគបណ្ដាញសង្គមនេះបន្ថែមដោយខ្លួនឯង ដោយយកលុយពី Venture Capital។

ប៉ុន្តែនៅក្នុងឆ្នាំ ២០០៤ បណ្ដាញសង្គម Friendster ក៏ជួបវិបត្តិដោយសារតែកំណើនរបស់អ្នកប្រើប្រាស់ ច្រើនលើសពីលទ្ធភាពរបស់ខ្លួនធ្វើឲ្យបណ្ដាញសង្គមនេះ ដំណើរការរអាក់រអួល ហើយក្រោយមក ក្រុមហ៊ុន MySpace ដែលជាបណ្ដាញសង្គមដ៏ធំមួយដែរនាកាលនោះ បានលោតដាច់ប្រជាប្រិយភាពរបស់ Friendster។

តែយ៉ាងណាក៏ដោយ បណ្ដាញសង្គម Friendster នៅតែមានជីវិតនៅឡើយទេ ដោយវាបានបង្កើតមុខងារថ្មីជាគម្រូមុខជំនួញ ហើយបានវាយលុកខ្លាំងនៅក្នុងទ្វីបអាស៊ី ដោយនៅក្នុងឆ្នាំ ២០១៥ អ្នកប្រើប្រាស់ជាង ៩០% របស់ខ្លួនស្ថិតនៅអាស៊ី។

២. MySpace

កាលពីឆ្នាំ ២០០៣ MySpace ត្រូវបានចាត់ទុកជាបណ្ដាញសង្គមយក្សដូច Facebook ពិសេសនៅពេលដែលស្ថាបនិកក្រុមហ៊ុន Tom Anderson និង Chris DeWolf រួមនឹងក្រុមការងារបានជោគជ័យក្នុងការទម្លាក់ Friendster ដែលទទួលបរាជ័យក្នុងការមិនអាចពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឲ្យស្របនឹងកំណើនអ្នកប្រើប្រាស់។

MySpace អាចទប់នឹងកំណើនអ្នកប្រើប្រាស់បានយ៉ាងច្រើននាពេលនោះ ដោយសារតែខ្លួនបានប្រើប្រាស់ប្រព័ន្ធបណ្ដាញអាចពង្រីកខ្លួនបាន (Scalability) នៅក្នុង Network របស់ខ្លួន។ នៅឆ្នាំ ២០០៦ MySpace មានអ្នកប្រើប្រាស់ប្រចាំខែដល់ទៅ ១០០ លាននាក់ ហើយក្រុមហ៊ុន NewCorps បានទិញយក MySpace ក្នុងតម្លៃ ៥៨០ លានដុល្លារ។ មួយឆ្នាំក្រោយមក តម្លៃរបស់ MySpace បានកើនរហូតដល់ ១២ ពាន់លានដុល្លារ ដែលជាតម្លៃខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន។ យ៉ាងណាមិញ ក្នុងឆ្នាំដដែល បណ្ដាញសង្គមយក្សមួយនេះ បានបាត់បង់អ្នកប្រើប្រាស់រាប់លាននាក់ក្នុងមួយខែៗ ដោយគេងាកទៅប្រើ Facebook វិញ។

បណ្ដាញសង្គម MySpace ត្រូវបានទិញយកបន្តពី NewCorp ដោយក្រុមហ៊ុន Specific Media និងតារាចម្រៀងអាមេរិក Justin Timberlake ក្នុងតម្លៃត្រឹមតែ ៣៥ លានដុល្លារប៉ុណ្ណោះ។

៣. Second Life

នៅឆ្នាំ ២០០៣ ក្រុមការងារ Linden Lab បានបង្កើតបណ្ដាញសង្គម Second Life ឡើង។ រាងប្លែកជាងគេបន្តិច បណ្ដាញសង្គម Second Life ជាកន្លែងសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងមនុស្ស ដោយអាចឲ្យគេបង្កើតរូប Avatar របស់ខ្លួន ហើយចូលរួមសកម្មភាពផ្សេងៗ រួមទាំងការធ្វើការងារផងដែរ។ បើនិយាយឲ្យចំទៅ Second Life មិនមែនជាដៃគូប្រជែងផ្ទាល់របស់បណ្ដាញសង្គមយក្សទាំងនោះទេ ប៉ុន្តែដោយសារតែការវក់នឹងជីវិតសិប្បនិមិត្ត (Virtual Life) ជាមួយនឹងរូប Avatar របស់ខ្លួន មនុស្សជាច្រើនបានចុះឈ្មោះចូលទៅក្នុងបណ្ដាញសង្គមនោះហើយងប់ជាងជីវិតពិតទៅទៀត។

ជាអកុសល Second Life បានជួបរឿងដូចទៅនឹង Friendster ដោយសារតែកំណើនអ្នកប្រើប្រាស់បានកើនឡើងច្រើនលើលលប់ ហើយក្រុមហ៊ុនខ្លួនមិនមានដំណោះស្រាយល្អសម្រាប់រឿងនេះឡើយ។ ម៉្យាងវិញទៀត ដោយសារតែ Social Life អាចឲ្យមនុស្សបង្កើត Avatar ហើយធ្វើការរកប្រាក់ចំណូលបាន ដូចនេះបណ្ដាញសង្គមមួយនេះត្រូវគោរពតាមច្បាប់អន្តរជាតិនានា ទាក់ទងនឹងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ដោយសារតែកត្តាទាំងនេះហើយ ទើបបណ្ដាញសង្គម Second Life ត្រូវបានបញ្ចប់ជីវិតក្នុងឆ្នាំ ២០១៥។

ចុចអាន៖

ប្រភព៖ Investopedia ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់