• 2018-07-21 01:43:45
  • ចំណេះដឹង

​ទម្លាប់​អាក្រក់ទាំង ៦​ បំផ្លាញ​ម៉ាស៊ីន​កុំព្យូទ័រ​ទាំង​មិន​ដឹង​ខ្លួន​

  • 2018-07-21 01:43:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មាន​អ្វី​ឋិតថេរ​នោះ​ទេ​ ជា​ពិសេស​បច្ចេកវិទ្យា​ មាន​ការ​វិវត្ត​ទៅ​មុខ​ជានិច្ច​ តែ​កុំព្យូទ័រ​អាច​ប្រើ​បាន​យូរ​ប្រហែល​ ពីរ​ ទៅ​ បី​ឆ្នាំ​ដែរ​ បើ​អ្នក​ប្រើ​ដោយ​មាន​ការ​ថែទាំ​។

បើ​ Laptop ទិញ​ប្រើ​ឆាប់​ខូច​ ក្នុង​នោះ​ក៏​អាច​ពាក់ព័ន្ធ​នឹង​ទម្លាប់​ប្រើប្រាស់​របស់​អ្នក​ផង​ដែរ​។

ជៀសវាង​ទុក​ដាក់​ Laptop លើ​ពូក​ ឬ​ខ្នើយ​ (កើន​កម្ដៅ​ពេល​ប្រើ​)

កម្ដៅ​ជា​សត្រូវ​ចម្បង​របស់​គ្រឿង​អេឡិចត្រូនិក​ ក្នុង​នោះ​ក៏​មាន​កុំព្យូទ័រ​ផង​ដែរ​។ បើ​កុំព្យូទ័រ​ក្ដៅ​ពេក​ អាច​កាត់​បន្ថយ​អាយុ​សមាសធាតុ​ខាងក្នុង​ ដូចជា​ Processor, កង្ហារ​ និង​ថ្ម​។

សម្រាប់​កុំព្យូទ័រ​ Desktop គួរ​សម្អាត​ធូលី​ដី​ ម្ដងម្កាល​ជាមួយ​ប្រដាប់​ផ្លុំ​ខ្យល់​ ហើយ​កុំ​ដាក់​ក្នុង​ទូរ​តូច​ ព្រោះ​ត្រូវការ​លំហូរ​ខ្យល់​ចេញ​ចូល​ កុំ​ឲ្យ​ជាប់​គាំង​ដោយសារ​ទីតាំង​ចង្អៀត​។ អាច​ការពារ​ធូលី​ដី​បាន​ ដោយ​ដាក់​ផ្ទាល់​ផ្ទៃរាប​ ហើយ​ប្រើ​ Filter នៅ​ច្រក​ខ្យល់​ចូល​របស់​កង្ហារ​។

Laptop ងាយស្រួល​យក​តាម​ខ្លួន​ប្រើប្រាស់​នៅ​ទីតាំង​ផ្សេងៗ​ ហើយ​ក៏​អាច​បង្កើត​ទម្លាប់​អាក្រក់​ជាច្រើន​ផង​ដែរ​ ដូចជា​ដាក់​កល់​លើ​ខ្នើយ​ ឬ​ផ្ទៃ​ក្រណាត់​។ នេះ​បាន​រាំង​ខ្ទប់​លំហូរ​ខ្យល់​នៅ​ខាងក្រោម​ Laptop។ ប្រើ​ Laptop នៅ​លើ​ផ្ទៃ​រាប​ស្មើ​ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​អ្វី​នៅ​ពី​ក្រោម​រាំង​ខ្ទប់​លំហូរ​ខ្យល់​។

មិន​គួរ​ដាក់​កុំព្យូទ័រ​ចោល​ក្នុង​ទីតាំង​ហប់​ក្ដៅ​ ដូចជា​ក្នុង​រថយន្ត​ត្រូវ​ថ្ងៃ​ និង​ធ្វើការ​សម្អាត​ធូលី​ដី​ម្ដងម្កាល​ ជាមួយ​ប្រដាប់​ផ្លុំ​ខ្យល់​។ ទាំង​នេះ​ អាច​ជួយ​បង្កើន​អាយុ​ប្រើប្រាស់​កុំព្យូទ័រ​បាន​។

កាន់​ប្រើ​ Laptop ដោយ​មិនប្រយ័ត្ន​ប្រយែង

Desktop នៅ​តែ​លើ​តុ​មិន​សូវ​ជា​បញ្ហា​នោះ​ទេ​ ប៉ុន្តែ​ Laptop លើក​ចុះ​ឡើង​ច្រើន​។ ធ្លាប់​ឃើញ​ អ្នក​ខ្លះ​កាន់​ Laptop ផ្លាស់​ទី​ទាំង​ដែល​ផ្នែក​អេក្រង់​នៅ​បើក​ នេះ​អាច​ធ្វើ​ឲ្យ​បរិវេណ​ត្រចៀក​បិទ​បើក​ តឹង​ ហើយ​បើ​ដើរ​ប៉ះ​តុ​ ឬ​ធ្លាក់​អី​ ដឹង​តែ​អង្គុយ​មើល​ហើយ​។ មួយ​ចំនួន​ទៀត​ ប្រើ​ Laptop បាន​បិទ​ត្រឹមត្រូវ​ តែ​បែរ​ជា​យក​កល់​ភេសជ្ជៈ​ទៅ​វិញ​។

បើ​ Laptop ប្រើ​ Hard Drive ពី​មុន​ (មិនមែន​ SSD) ការ​រង្គើ​ ឬ​កន្ត្រាក់​កុំព្យូទ័រ​ ជាពិសេស​កំពុង​ដំណើរការ​ តិច​ ឬ​ច្រើន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ Disk ហើយ​កាន់​តែ​អាក្រក់​ ទិន្នន័យ​សំខាន់ៗ​ក្នុង​នោះ​ប្រហែល​លា​អ្នក​ហើយ​ បើ​មិន​បាន​ Backup ទិន្នន័យ​ទុក​។ Laptop ទិញ​មក​ថ្លៃ​ គួរ​ប្រើ​ដោយ​យក​ចិត្ត​ទុក​ដាក់​។

ទុក​ដល់​អស់​បាន​សាក​ថ្ម​ឡើង​វិញ

ថ្ម​ Laptop ម៉ូដែល​ទំនើប​ៗ​បច្ចុប្បន្ន​ អាច​ដល់​ ឬ​លើស​ពី​ ៨ ម៉ោង​ ពេល​ទិញ​ប្រើ​ដំបូង​ តែ​នេះ​មិន​បាន​យូរ​រហូត​នោះ​ទេ​ កម្រិត​កាន់​ថាមពល​ថ្ម​ នឹង​ថយ​ចុះ​ ក្រោយ​ប្រើ​ពីរ​ ទៅ​បី​ឆ្នាំ​។

ការ​ប្រើ​ថាមពល​ថ្ម​ដល់​ ០% នឹង​ធ្វើ​ឲ្យ​កម្រិត​កាន់​ថ្ម​ថមថយ​ ស្រួល​មិន​ស្រួល​លែង​កាន់​តែ​ម្ដង​ (ខូច​)។

ចំណុច​ល្អ​ គួរ​ប្រើ​ថាមពល​ថ្ម​កុំ​ឲ្យ​ដល់​អស់​រលីង​ ហើយ​សាក​ប្រើ​តាម​តម្រូវ​ការ​។ កុំ​បារម្ភ​ត្រឹម​រយៈពេល​ធ្វើ​ដំណើរ​លើ​រថយន្ត​ ឬ​យន្តហោះ​ មិន​ធ្វើ​ឲ្យ​ថ្ម​អស់​នោះ​ទេ​។

មិន​យក​ទុក​ចិត្ត​ដាក់​លើ​សុវត្ថិភាព​ចរន្ត​ភ្លើង

Power Supply ក្នុង​ម៉ាស៊ីន​ PC មាន​ការ​ការពារ​កើន​ចរន្ត​ភ្លើង​ដែរ​ តែ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​ ដែល​ត្រូវការ​ប្រ៊ី​មាន​មុខងារ​ការពារ​កើន​ចរន្ត​ (Surge protector) ប៉ុន្តែ​គួរ​ផ្លាស់ប្ដូរ​ចេញ​រាល់​បី​ ទៅ​ ប្រាំ​ឆ្នាំ​ ដោយសារ​សមត្ថភាព​ការពារ​នឹង​ថមថយ​ ឬ​គ្មាន​តែ​ម្ដង​។​

គួរ​ដឹង​ថា​ Surge protector ត្រឹម​អាច​ការពារ​កើន​ចរន្ត​តិចតួច​ប៉ុណ្ណោះ​ ជួយ​បង្កើន​អាយុ​ PC។ បើ​មាន​ថវិកា​គ្រប់គ្រាន់​ អាច​វិនិយោគ​លើ​ UPS (Uninterruptible power supply) បាន​ ដែល​ផ្ទុក​ថាមពល​ ការពារ​ PC កុំ​ឲ្យ​រលត់​ភ្លាមៗ​ និង​ការ​បាត់បង់​ទិន្នន័យ​ កំឡុង​ពេល​ដាច់​ចរន្ត​អគ្គិសនី​។

ខ្សែ​សាក​ថ្ម​ Laptop មាន​ការ​ផ្លាស់ទី​ញឹកញាប់​ជាង​ Desktop ដែល​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ប្រាកដ​ថា​ខ្សែ​មិន​ដាក់​លើ​ជញ្ជាំង​ បត់​ គួច​ចូល​គ្នា​តឹង​ពេក​នោះ​ទេ​។​ ទាំងនេះ អាច​ធ្វើ​ឲ្យ​ខ្សែ​ខូច​ចម្លង​ចរន្ត​មិន​ត្រឹមត្រូវ​ អាច​ដល់​ថ្នាក់​ឆេះ​បាន​។

ខ្ជះខ្ជាយ​ពេលវេលា​លើ​ការ​ថែទាំ​មិន​ចាំបាច់

ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ខុសគ្នា​ ការ​ថែទាំ​ក៏​មាន​ភាព​ខុសគ្នា​ តែ​បច្ចុប្បន្ន​ ត្រឹម​ ការ​លុប​ File មិន​សំខាន់ៗ​ចេញ​ អាច​បង្កើន​ល្បឿន​ប្រើប្រាស់​ម៉ាស៊ីន​បាន​។

ការ​សម្អាត​ Registry ស្ទើរ​តែ​អត់​ន័យ​ ហើយ​បើ​លុប​ចំ​ Registry ត្រូវការ​ប្រើ​វិញ​ ដឹង​តែ​បង្ក​បញ្ហា​កាន់​តែ​ច្រើន​។

បើ​ចង់​សម្អាត​ Hard Drive ប្រើ​តែ​កម្មវិធី​ Disk Cleanup មាន​ស្រាប់​របស់​ Windows ហើយ​លុប​រឿង​ តន្ត្រី​ និង​ File ធំ​មិន​ត្រូវការ​ប្រើ​ចោល​។ ហើយ​បើ​នៅ​តែ​យឺត​ទៀត​ សាកល្បង​លុប​កម្មវិធី​ដំណើរការ​ពេល​បើក​ប្រព័ន្ធ​ (Startup) បើ​នៅ​តែ​មិន​លឿន​ ប្រហែល​ត្រូវ​ផ្លាស់ប្ដូរ​ Hardware។

បើក​វេបសាយ​មិន​បាន​ការពារ

វេបសាយ​មាន​ច្រើន​ ផ្ដល់​ទាំង​ចំណេះដឹង​ ប្រយោជន៍​នានា​ ហើយ​ក៏​មាន​មេរោគ​ផង​ដែរ​ ដែល​តម្រូវ​មាន​កម្មវិធី​កម្ចាត់​មេរោគ​ការពារ​កុំព្យូទ័រ​។

Windows Defender របស់​ Microsoft មាន​មុខងារ​ល្អ​គ្រប់គ្រង​ ជួយ​ការពារ​បាន​។ បើ​ចង់​បាន​ការ​ការពារ​លើស​នឹង​ទៀត​ អាច​សាក​ Malwarebytes Anti-Malware បាន​។

ក្រៅ​ពី​នេះ​ មាន​ការ​អនុវត្ត​គួរ​យក​ចិត្ត​ទុក​ដាក់​ ដោយ​រក្សា​កម្មវិធី​អាប់ដេត​ជានិច្ច​ ទាំង​ Windows និង​កម្មវិធី​កំពុង​ប្រើ​ (តែ​នេះ​ ប្រហែល​ពិបាក​បន្តិច​ ព្រោះ​ភាគច្រើន​ប្រើ​ទាំង​ Windows និង​កម្មវិធី​ Cracked)។ គួរ​ប្រើ​កម្មវិធី​គ្រប់គ្រង​ពាក្យ​សម្ងាត់​ល្អ​ៗ​ និង​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​តំណរ​ភ្ជាប់​នីមួយៗ​មុន​ពេក​ចុច​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់