• 2018-07-20 00:02:30
  • ចំណេះដឹង

គន្លឹះ​កំពូល​ទាំង​ ១០ បើ​ចង់​ថត​រូប Portrait ឲ្យ​មាន​ភាព​លេចធ្លោ​

  • 2018-07-20 00:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ចង់​ថតរូប​លក្ខណៈ​ Portrait ដូច​អ្នក​អាជីព​ មិន​ពិបាក​ខ្លាំង​នោះ​ទេ​ មាន​កាមេរ៉ា​ Subject និង​ទីតាំង​សម​ប្រកប​ ដំណើរការ​ថតរូប​លក្ខណៈ​ Portrait មាន​ភាព​ងាយស្រួល​រួច​ទៅ​ហើយ​ គ្រាន់​តែ​បូក​ផ្សំ​បច្ចេកទេស​មួយ​ចំនួន​ទៀត​ លទ្ធផល​នឹង​ចេញ​មក​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។

១)​ មាន​គម្រោង​

គិត​ពី​តារា​ម៉ូដែល​ ដែល​ងាយស្រួល​ទទួល​យក​គំនិត​ថ្មី​ ព្រម​ជាមួយ​បញ្ជី​ជម្រើស​ទីតាំង​ ទៅ​តាម​ពេលវេលា​ខុសគ្នា​ និង​លក្ខខណ្ឌ​អាកាសធាតុ​ខុសគ្នា​។​

ទិដ្ឋភាព​ងាយស្រួល​ថត​បំផុត​ គឺ​ពេល​មេឃ​ជិត​ភ្លៀង​ ដែល​មាន​ពពក​ដុំ​ធំ​ៗ មាន​ពន្លឺ​ថ្ងៃ​ល្មម​។ នៅ​ថ្ងៃ​ស្រលះ​ល្អ​ អាច​ថត​ពេល​ថ្ងៃ​លិច​ ឬ​រះ​ នៅ​ពេល​ព្រះអាទិត្យ​ចុះ​ទាប​ និង​ទីតាំង​តារា​ម៉ូដែល​ មាន​ពន្លឺ​ព្រះអាទិត្យ​នៅ​ពី​ក្រោយ​។

មិន​ថា​ថត​នៅ​ទីតាំង​ខាងក្រៅ​ ឬ​ក្នុង​ស្ទូឌីយោ​ អាច​អនុវត្ត​បច្ចេកទេស​ធ្លាប់​បាន​ប្រើប្រាស់​ជាមួយ​មិត្តភក្តិ​ នឹង​ទទួល​បាន​លទ្ធផល​គាប់​ចិត្ត​។

២) ថត​ប្រើ​ Prime lens

Prime lens មាន​ Focal lengthមិន​អាច​កែ​បាន​ ដូចជា​ 50mm, 85mm ឬ​ 135mm។ ចំណុច​ល្អ​គឺ​មាន​ Aperture ធំ​គ្រប់គ្រាន់​ជាង​ Zoom lens ដែល​អាច​បង្កើត​ជម្រៅ​ទិដ្ឋភាព​រាក់​បាន​ងាយស្រួល​ ក្នុង​ការ​ផ្ដាច់​ Subject ពី​ផ្ទៃ​ខាងក្រោយ​។

បញ្ហា​មួយ​ ប្រហែល​អាច​ជួប​ប្រទះ​ពេល​ថត​ខាងក្រៅ​ និង​ក្នុង​ស្ទូឌីយោ​គឺ​ Flash ដែល​មិន​អាច​សម្រេច​បាន​នូវ​ Exposure ត្រឹមត្រូវ​ជាមួយ​ Aperture កំណត់​ f/1.4 ឬ​ f/1.8 នោះ​ឡើយ​។

នេះ​អាច​ដោះស្រាយ​បាន​ដោយ​ប្រើ​ Neutral density (ND) filter ដែល​ជួយ​កាត់​បន្ថយ​ចំនួន​ពន្លឺ​ចូល​ Lens ដោយ​មិន​ប៉ះពាល់​ដល់​ពណ៌​។ មាន​ន័យ​ថា​ អាច​ថត​ប្រើ​ Aperture ធំ​ក្នុង​លក្ខខណ្ឌ​ភ្លឺ​បាន​។ 2 Stop NDs និង​ Variable NDs Filter ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ថតរូប​ Portrait។

៣) ចាប់អារម្មណ៍​លើ​ចំណុច​ Focus

ការ​ Focus ជា​ជំនាញ​សំខាន់​កំណត់​ចំណុច​ល្អ​ ឬ​អាក្រក់​របស់​ Subject ពេល​ថត​ តែ​បើ​ប្រើ​ Aperture ធំ​ដូចជា​ f/1.8 អាច​ពិបាក​ក្នុង​ការ​ Focus។ Aperture ធំ​នឹង​ធ្វើ​ឲ្យ​ជម្រៅ​ទិដ្ឋភាព​រាក់​ខ្លាំង​ ដែល​ត្រូវការ​ Focus ឲ្យ​បាន​ល្អ​ នឹង​ត្រឹមត្រូវ​លើ​ផ្នែក​របស់​ Subject ដោយ​គួរ​ Focus លើ​ភ្នែក​របស់​ Subject ដែល​នៅ​ជិត​កាមេរ៉ា​បំផុត​។

នេះ​ជួយ​ប្រាកដ​ថា​ចំណុច​ចាប់អារម្មណ៍​របស់​រូបភាព​ (ភ្នែក​) មាន​ទំនាក់ទំនង​ជាមួយ​អ្នក​មើល​។​ កំណត់​កាមេរ៉ា​ប្រើ​ Single point AF និង​ជ្រើសរើស​ចំណុច​ Focus ជិត​បំផុត​ត្រង់​ភ្នែក​របស់​ Subject ពេល​ចាប់​ប្លង់​តាម​ Viewfinder។

៤) គិត​ពី​ផ្ទៃ​ខាងក្រោយ

ផ្ទៃ​ខាងក្រោយ​គួរ​តែ​ស្រលះ​ល្អ​ បន្ថែម​ការ​ចាប់អារម្មណ៍​លើ​ Subject បាន​ អាច​ជា​ជញ្ជាំង​ ឬ​រុក្ខជាតិ​។ ប្រើ​ផ្ទៃ​ខាងក្រោយ​សាមញ្ញ​ ពេល​ថត​នៅ​កម្រិត​ Aperture ធំ​ ដោយ​កុំ​ប្រើ​ផ្ទៃ​ខាងក្រោយ​មាន​លក្ខណៈ​ស្មុគស្មាញ​។ ធ្វើ​យ៉ាង​ណា​ ផ្ដាច់​ការ​ចាប់​អារម្មណ៍​ផ្ទៃ​ខាងក្រោយ​ និង​ផ្ទៃ​ខាងមុខ​។

៥) ប្រើ​ Auto ISO

ជាមួយ​ Auto ISO កាមេរ៉ា​នឹង​ជ្រើសរើស​ ISO setting ទាប​បំផុត​តាម​តែ​អាច​ទៅ​រួច​ ដោយ​ស្វ័យប្រវត្តិ​ ដើម្បី​សម្រេច​បាន​ Shutter speed លឿន​គ្រប់គ្រាន់​ ជួយ​បង្ការ​ពេល​កាមេរ៉ា​រង្គើ​ជាមួយ​ Lens ពេល​កំពុង​ប្រើប្រាស់​ កុំ​ឲ្យ​រូបភាព​ខូច​ព្រាល​។ កាមេរ៉ា​ជា​ច្រើន​ អាច​ឲ្យ​អ្នក​កំណត់​ Shutter speed លឿន​ជាង​កាមេរ៉ា​ជ្រើសរើស​ឲ្យ​។

Auto ISO អាច​ឲ្យ​អ្នក​កំណត់​កម្រិត​ពន្លឺ​តាម​ចិត្ត​ចង់​បាន​ ដែល​គួរ​តែ​ ISO 100 ឬ 200 អាស្រ័យ​លើ​កាមេរ៉ា​។ ជម្រើស​មាន​សុវត្ថិភាព​ គួរ​កំណត់​ធំ​បំផុត​ត្រឹម​ ISO 1600 អាច​ធានា​រូបភាព​ច្បាស់​ សូម្បី​តែ​កម្រិត​ពន្លឺ​ប្រែប្រួល​។

៦) ពន្លឺ

ពន្លឺ​ជា​ចំណុច​សំខាន់​ជាង​គេ​ ដោយ​គ្មាន​ពន្លឺ​ល្អ​គ្រប់គ្រាន់​ រូបភាព​នឹង​ចេញ​មក​មើល​ទៅ​ធុញទ្រាន់​។ ការ​ថតរូប​ Subject ក្បែរ​បង្អួត​ជា​វិធី​ល្អ​មួយ​ មាន​ផ្ទៃ​ខាងក្រោយ​ស្អាត​ស្រលះ​។ រូបភាព​ប្រភេទ​នេះ​ អាច​ប្រើ​ ISO setting ខ្ពស់​ដូចជា​ ISO 3200 ក៏​ដូចជា​ Exposure compensation ដើម្បី​គ្រប់គ្រង​ Exposure។ ពេល​គ្មាន​ពន្លឺ​ អាច​ប្រើ​ Flash ជួយ​បាន​។

៧) ថត​នៅ​កម្រិត​ភ្នែក​ Subject

ការ​ថតរូប​ពី​មុំ​ទាប​ទៅ​ ធ្វើ​ឲ្យ​ Subject មើល​ទៅ​មាន​ឥទ្ធិពល​ ឬ​លេចធ្លោ​។ ការ​ថត​ពី​មុំ​ខ្ពស់​ទៅ​ ធ្វើ​ឲ្យ​ Subject តូច​។

កំហុស​សាមញ្ញ​ចំពោះ​ រូប​ក្មេង​ៗ និង​សត្វ​ចិញ្ចឹម​ សម្រាប់​អ្នក​ថតរូប​ជាច្រើន​ ថត​ពី​ត្រឹម​កម្ពស់​ឈរ​របស់​ Subject ធ្វើ​ឲ្យ​លទ្ធផល​មិន​សូវ​ល្អ​ ឬ​ Subject រួម​តូច​។

គួរ​តម្រង់​ចុះ​ក្រោម​បន្តិច​ត្រឹម​កម្រិត​ភ្នែក​បស់​ Subject នឹង​ជួយ​ពង្រឹង​គុណភាព​រូបភាព​។

៨) តម្រង់​ចំ​ Subject

គួរ​ពន្យល់​ពី​អ្វី​អ្នក​ចង់​បាន​ ទៅ​កាន់​តួ​ម៉ូដែល​ ឬ​ អាច​ស្វែងរក​គំរូ​នានា​ នៅ​លើ​ទស្សនាវដ្ដី​។ មិន​ថា​ធ្វើការ​ជាមួយ​តារា​ម៉ូដែល​អាជីព​ ឬ​ មិត្តភក្ដិ​ ឬ​សមាជិក​គ្រួសារ​ ស្នើ​ពួកគេ​ ឲ្យ​ងើយ​បែរ​មុខ​ចំ​កាមេរ៉ា​។

៩) ធ្វើការ​លើ​គម្រោង​ផ្ទាល់​ខ្លួន

គួរ​ថតរូប​លើ​គម្រោង​ផ្ទាល់​ខ្លួន​ដែល​អនុវត្ត​តាម​ Theme អាច​ជា​បច្ចេកទេស​ ឬ​ការ​រៀប​ចំ​ Subject ឬ​បែបបទ​នៃ​ការ​កាត់ត​។

Theme រួម​បញ្ចូល​ការ​ថត​នរណា​ម្នាក់​ប្រឈម​នឹង​ជញ្ជាំង​ពណ៌ស​, ថត​ផ្ដោត​ត្រឹម​ក្បាល​ជាមួយ​ Flash, ថត​ផ្ដោត​លើ​មនុស្ស​ប្រុស​មាន​ពុក​ចង្កា​, ទិដ្ឋភាព​សរ​ខ្មៅ​, Portrait នៅ​កម្រិត​ពន្លឺ​ទាប​ ឬ​មនុស្ស​នៅ​កន្លែង​ធ្វើការ​។

ការ​ធ្វើការ​លើ​គម្រោង​មួយ​ជាមួយ​ Theme បាន​កំណត់​ អាច​ឲ្យ​អ្នក​ផ្ដោត​លើ​ផ្នែក​នីមួយៗ ​សម្រាប់​ថត​បាន​ល្អ​ប្រសើរ​។

១០) បង្កើត​ស្ទិល

ការ​កាត់ត​ ជា​ចំណុច​សំខាន់​អាច​ជួយ​បែកចែក​ភាព​ខុសគ្នា​ ពី​អ្នក​ថត​ដទៃ​ទៀត​ និង​អាច​ជួយ​ផលិត​រូប​ចេញ​មក​ជា​លក្ខណៈ​អាជីព​។ ពណ៌​សម្បុរ​ស្បែក​ ជា​ចំណុច​គួរ​ដោះស្រាយ​ តែ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​បាត់​បង់​ភាព​ធម្មជាតិ​ ចង់​ថា​កុំ​កែ​ជ្រុល​ពេក​។

ថត​ប្រើ​ទម្រង់​ Raw និង​កែច្នៃ​បន្ថែម​ Effect លើ​កម្មវិធី​កាត់ត​នានា​ដូចជា​ Photoshop ជា​ដើម​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Digital Camera World ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់