• 2018-07-13 10:07:00
  • ព័ត៌មាន

ចេញ Macbook Pro ថ្មីភ្លាម Apple លែងលក់ Macbook Pro ឆ្នាំ ២០១៥ បាត់

  • 2018-07-13 10:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើសិនជាអ្នកកំ​ពុងរកមើលចង់ទិញ Macbook Pro ដែលមានរន្ធច្រើនប្រភេទ និងមានកម្លាំងខ្លាំងគួរសម​នោះ​ អ្នក​រាងយឺត​បន្តិច​ហើយ​ ព្រោះ​ក្រោយ​ពី​ពេល Apple បាន​បញ្ចេញ​ Macbook Pro ឆ្នាំ ២០១៨ កាល​ពី​យប់​មិញ វា​ក៏​ជាពេល​ដែល​ Apple បាន​ដក Macbook Pro ឆ្នាំ ២០១៥ ដែលជាស៊េរីចុងក្រោយបំផុត​ ដែល​នៅ​មាន​រន្ធ​ច្រើន​មុខ មិន​ត្រូវ​ការ​ឌុយត​ច្រើន​មុខ។​

ចាប់តាំងពី​ចុង​ឆ្នាំ ២០១៦ មក Apple បានបញ្ចេញ Macbook Pro ស៊េរីថ្មី ដែលប្រើប្រាស់រន្ធ Thunderbolt 3 (ក្រោមទម្រង់ជា USB-C) សុទ្ធតែម្ដង ហើយវា​ក៏​មាន​ពណ៌ប្រផេះក្រម៉ៅ​មកជា​ជម្រើស​មួយ​ទៀត​ក្រៅ​ពី​ពណ៌ទឹកប្រាក់​ផង​ដែរ។ បើ​តាមគេហទំព័រ 9to5Mac នាថ្ងៃនេះ Macbook Pro ស៊េរីឆ្នាំ ២០១៥ ដែលមានរន្ធ HDMI, USB-A (USB ដែលពេញនិយមបំផុត), និងមានរន្ធដោតអង្គចងចាំប្រភេទ​ SD ពេញទំហំតែម្ដងនោះ ត្រូវបានដកចេញពីលើគេហទំព័ររបស់​ Apple ហើយ ដោយ​ជំនួស​មក​វិញ​ដោយ Macbook Pro ស៊េរីឆ្នាំ ២០១៨​ ដែលមានត្រឹមតែរន្ធ​ប្រភេទ​ USB-C Thunderbolt 3 មួយមុខ តែប៉ុណ្ណោះ។

Macbook Pro ឆ្នាំ ២០១៥

គួររំឭក​ផង​ដែរ​ថា Macbook Pro ឆ្នាំ ២០១៥ ក៏ជាស៊េរីចុងក្រោយរបស់ Macbook Pro ដែលប្រើខ្សែសាកប្រភេទ MagSafe ដែលជាប្រភេទក្បាលឆក់ អាចផ្ដាច់ឬភ្ជាប់នឹងរន្ធបញ្ចូលថ្មដោយ​មិនភ័យខ្លាច​រឿង​ដាច់​ក្បាល​សាក ឬ​ក៏​ខូចរន្ធនោះ​ដែរ។

រឿងមួយទៀតនោះគឺ Macbook Pro ចាប់ពីឆ្នាំ ២០១៦ មកប្រើប្រាស់ក្ដារ​​ចុច​ប្រភេទ Butterfly Mechanism ដែលមានភាពស្អិត និងពេលខ្លះមានបញ្ហាមិន​ដើរ​តែម្ដង ដែលក្រុមហ៊ុន Apple ផ្ទាល់ទើប​តែ​ចេញ​មុខ​សារភាព​រឿងនេះ ហើយ​ខ្លួន​នឹង​ទទួលជួសជុល​រាល់ក្ដារចុច​ប្រភេទ​ Butterfly Mechanism 1 និង ២ ដែល​មាន​បញ្ហា​កើត​ឡើង។

ដូចនេះ ចំពោះអ្នក​ដែល​ចង់​ប្រើ​កុំព្យូទ័រយួរដែ​របស់ Apple ហើយចង់បានរន្ធ​សម្បូរបែប​ គឺនៅសល់តែ Macbook Air តែ​ប៉ុណ្ណោះ ហើយ Macbook Air នេះទៀតសោត ថ្វីត្បិតតែថ្មីចេញ​ពី Apple មែន តែ​កម្លាំងម៉ាស៊ីនគឺនៅ​ខ្សោយខ្លាំងណាស់ បើសិនជាប្រៀបធៀបជាមួយ Macbook ស៊េរីដទៃទៀត។ សម្រាប់​ហាងកុំព្យូទ័រនៅ​ក្នុង​ស្រុក អាចនៅមានកុំព្យូទ័រ Macbook Pro ឆ្នាំ ២០១៥ ទាំង​ថ្មីនិង​មួយទឹក សម្រាប់អ្នក​ប្រើប្រាស់​ ដែល​មិនចង់​លង់​ខ្លួន​ទិញឌុយបំបែកពីរន្ធ USB-C របស់ Macbook Pro ស៊េរីថ្មីទេនោះ។

ចុចអាន៖

ប្រភព៖ theverge ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់