• 2018-06-16 04:45:00
  • ចំណេះដឹង

បច្ចេកទេស​ថតរូប សំខាន់ៗ គួរ​តែ​ចេះ​សម្រាប់​អ្នក​ចំណូល​ថ្មី ដើម្បី​វិវត្ត​ខ្លួន​ជា​អ្នក​ជំនាញ​

  • 2018-06-16 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ត្រូវ​បាន​ផលិត​ ដោយ​បច្ចេកទេស​នានា​ ផ្អែក​លើ​ការ​ច្នៃប្រឌិត​ ហើយ​ចំពោះ​អ្នក​ថតរូប​ថ្មី​ ត្រូវ​ការ​ជំនួយ​បច្ចេកទេស​ច្រើន​ ទាំង​ការ​ប្រើ​ឧបករណ៍​ និង​បែប​បទ​ថត​។

គន្លឹះ​ទាំង​នេះ​ ល្មម​អាច​ឲ្យ​អ្នក​វិវត្ត​ខ្លួន​ជា​អ្នក​ជំនាញ​បាន​ បើ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

១) ស្វែងយល់​រាល់​រូបមន្ត​ ដើម្បី​អាច​បំបែក​ប្រើ​ផ្ទាល់ខ្លួន​ រូបមន្ត​ថតរូប​ ចាំបាច់​ត្រូវ​ស្វែងយល់​ជា​បណ្ដើរ​ៗ ដោយសារ​នេះ​ជា​មូលដ្ឋាន​មិន​អាច​ខ្វះ​បាន​ជួយ​អ្នក​បំបែក​ក្បាច់​ថ្មី​ផ្ទាល់​ខ្លួន​បាន​។

២) Focus សិន​ចាំ​ កំណត់​ Frame តាម​ក្រោយ​ គួរ​ Focus ចាប់​ Subject ឲ្យ​បាន​ត្រូវ​សិន​ មុន​ពេល​កែប្រែ​ Frame។ នេះ​ផ្ដល់​ផល​ល្អ​ ពេល​ទិដ្ឋភាព​តែ​មួយ​ មាន​ពន្លឺ​ និង​ចំណុច​ងងឹត​ច្រើន​។

៣) ផ្ដោត​លើ​ភ្នែក​ ពេល​ថតរូប​ Portrait នៅ​កម្រិត​ Aperture ណា​មួយ​ក៏​ដោយ​ គួរ Focus លើ​ភ្នែក​ឲ្យ​បាន​ច្បាស់​ ជួយ​បង្កើន​ការ​ចាប់អារម្មណ៍​រវាង​អ្នក​មើល​ និង​រូបថត​។

៤) បង្កើត​កំហុស​ឲ្យ​បាន​ច្រើន​ បង្កើត​កំហុស​កាន់​តែ​ច្រើន​ អ្នក​កាន់​តែ​ពង្រឹង​សមត្ថភាព​ជំនាញ​ថតរូប​កាន់​តែ​ល្អ​ សំខាន់​ត្រូវ​រៀន​ពី​កំហុស​នោះ​។ ដូច្នេះ​ សាក​បច្ចេកទេស​ ឬ​ស្ទិល​ប្លែកៗ​មិន​ធ្លាប់​ធ្វើ​ពី​មុន​។

៥) កំណត់​ Exposure សមស្រប​ ការ​កំណត់​ Exposure ឲ្យ​បាន​ត្រឹមត្រូវ​ មាន​បី​ធាតុ​ចូលរួម​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តុល្យភាព​ ដោយ​រួមមាន​៖

  • ISO៖ នេះ​ជួយ​ផ្ដល់​ពន្លឺ​បន្ថែម​ដល់​ទិដ្ឋភាព​ ពេល​ស្ថាន​ភាព​ងងឹត​។ ចំនួន​ ISO កាន់​តែ​ខ្ពស់​ អាច​បង្ហាញ​ Noise ក្នុង​រូបភាព​។
  • Aperture៖ ទំហំ​ចំហ​ អនុញ្ញាត​ឲ្យ​ពន្លឺ​ចូល​ Lens ដោយ​តួ​លេខ​កាន់​តែ​ធំ​ ពន្លឺ​ចូល​កាន់​តែ​តិច​។
  • Shutter speed៖ ចំនួន​រយៈពេល​ Sensor ចាប់​យក​ពន្លឺ​។ ល្បឿន​យឺត​ ពន្លឺ​ចូល​កាន់​តែ​ច្រើន​ អាច​ចាប់​ទិដ្ឋភាព​ព្រាល​ និង​ចលនា​។ តែ​ល្បឿន​លឿន​ អាច​បញ្ឈប់​ចលនា​បាន​។

៦) ត្រៀម​ខ្លួន​ជានិច្ច​ គួរ​ត្រៀម​ជានិច្ច​ ពេល​ថតរូប​ ដោយសារ​ទិដ្ឋភាព​ដ៏​ល្អ​ៗ​ អាច​មាន​ តែ​មិន​ចាំ​ឲ្យ​អ្នក​បើក​កាមេរ៉ា​ កំណត់​ Setting យូរ​ពេក​នោះ​ទេ​ ឧទាហរណ៍​ សត្វ​កន្ទុំរុយ​ទុំ​លើ​ផ្កា​ មិន​យូរ​ទេ​នឹង​ហោះ​ចេញ​។

៧) ប្រើ​ Aperture ទំហំ​ធំ​ ពេល​ថត​ Portrait ដើម្បី​ឲ្យ​ Subject លេចធ្លោ​ ទំហំ​ Aperture ពី​ f/2.8 ទៅ​ f/5.6 អាច​ឲ្យ​ផ្ទៃ​ខាងក្រោយ​ព្រាល​ នៅ​ពី​ក្រោយ​ Subject។ នេះ​ធ្វើ​ឲ្យ​ Subject លេចធ្លោ​ បង្កើត​ការ​ចាប់អារម្មណ៍​ពី​លើ​ផ្នែក​នានា​ នៅ​ផ្ទៃ​ខាងក្រោយ​។

៨) ការពារ​រូបភាព​កុំ​ឲ្យ​ព្រាល​ បើ​ប្រើ​ Lens 50mm គួរ​ប្រើ​ Shutter speed ត្រឹម​ 1/50 sec ឬ លឿន​ជាង​នេះ​ អាច​ចាប់​យក​រូបភាព​បាន​ច្បាស់​ល្អ​។ Lens វែង​ធ្ងន់​ និង​កាន់​តែ​ពិបាក​ ពេល​ថត​ឲ្យ​នៅ​នឹង​ ដូច្នេះ​ គួរ​ប្រើ​ Shutter speed លឿន​ អាច​ជួយ​បញ្ចៀស​បញ្ហា​ពេល​រង្គើ​កាមេរ៉ា​បាន​។

៩) ថត​ និង​តម្រឹម​ពេល​កាត់ត​ Viewfinder និង​ផ្ទាំង​ Preview លើ​អេក្រង់​ LCD តូច​ ហើយ​ពេល​បង្ហាញ​លើ​ Monitor អេក្រង់​ទំហំ​ធំ​ ប្រហែល​ឃើញ​ចំណុច​ឆ្គង​។ នេះ​អាច​កែប្រែ​ពេល​កាត់ត​ ដោយ​បង្វិល​ ឬ​តម្រឹម​យក​តែ​ចំណុច​សំខាន់​។

១០) ចៀសវាង​រង្គើ​កាមេរ៉ា​ ពេល​កាមេរ៉ា​រង្គើ​កំឡុង​ពេល​ថត​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​។ នេះ​ទាក់ទង​នឹង​បច្ចេកទេស​កាន់​កាមេរ៉ា​ គួរ​ប្រើ​ដៃ​ម្ខាង​ទ្រ​តួ​កាមេរ៉ា​ និង​ម្ខាង​ទៀត​ទ្រ​ Lens ហើយ​ទាញ​កែង​ដៃ​អប​នឹង​ដង​ខ្លួន​ ដើម្បី​ជួយ​ទប់​លំនឹង​។ ក៏​អាច​ផ្អែក​នឹង​ជញ្ជាំង​ ឬ​ដើមឈើ​ផង​ដែរ​។

១១) បើក​ភ្នែក​ទាំង​ពីរ​ ពេល​មើល​តាមរយៈ​ Viewfinder នេះ​ផ្ដល់​ផល​ល្អ​ ដែល​ Subject អាច​ផ្សារ​ភ្ជាប់​ជាមួយ​អ្នក​ ដោយ​ការ​មើល​ភ្នែក​ម្ខាង​បង្ហាញ​ចេញ​មក​ ពេល​ថត​ Portrait។ មួយវិញទៀត​ ការ​បើក​ភ្នែក​ទាំងពីរ​ អាច​ឲ្យ​អ្នក​ពិនិត្យ​មើល​អ្វី​នៅ​ខាងក្រៅ​ Frame ដែល​សំខាន់​សម្រាប់​ថតរូប​សកម្មភាព​កីឡា​ ឬ​សត្វ​។

១២) រៀន​ប្រើ​ Exposure compensation ទិដ្ឋភាព​ពេល​ថត​មួយ​ចំនួន​ ខ្លះ​ភ្លឺ​ពេក​ ហើយ​ខ្លះ​ងងឹត​ពេក​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ គួរ​សិក្សា​ និង​ប្រើប្រាស់​ Exposure compensation (កំណត់​តម្លៃ​ឲ្យ​រូបភាព​ភ្លឺ​ ឬ​ងងឹត​) មាន​ក្នុង​កាមេរ៉ា​ ជួយ​ឲ្យ​ Subject មើល​ទៅ​សមស្រប​។

១៣) ថត​អ្វី​អ្នក​ចូលចិត្ត​ ការ Focus លើ​អ្វី​អ្នក​ចូលចិត្ត​ អាច​ជំរុញ​ទឹកចិត្ត​ បន្ត​ការ​សាកល្បង​បច្ចេកទេស​ និង​ ស្ទិល​ថ្មី​ បាន​។ ហើយ​នេះ​ ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មិន​ធុញទ្រាន់​ផង​ដែរ​។

១៤) ប្រើ​ចំណាំង​ផ្លាត​ ទិដ្ឋភាព​មាន​ចំណាំង​ផ្លាត​ ជួយ​បង្កើត​ការ​ចាប់អារម្មណ៍​ពី​លើ​រូបភាព​ធម្មតា​បាន​ ដែល​អាច​មាន​នៅ​ក្បែរ​បឹង​ ស្ទឹង​ ឬ​អាង​ហែលទឹក​។ មិនមែន​តែ​ទឹក​នោះ​ទេ​ ជា​ប្រភព​ចំណាំង​ ក្នុង​នោះ​ក៏​មាន​កញ្ចក់​ ឬ​កញ្ចក់​បង្អួច​ធំៗ​ផង​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.borrowlenses.com/blog/photography-tips/#cameraSettings

អត្ថបទ៖ ប៊ុនធឿន

មតិយោបល់