• 2018-06-12 02:35:18
  • ព័ត៌មាន

មក​ដឹង​រឿងរ៉ាវ​របស់​សេដ្ឋី​បច្ចេកវិទ្យា ៥ រូប កាល​នៅ​វ័យ ២៥ ឆ្នាំ

  • 2018-06-12 02:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជ្រោក​ក្រោម​ទ្រនំ​ឧស្សាហកម្ម​បច្ចេកវិទ្យា បុគ្គល​ជា​ច្រើន​រូប​បាន​ខិតខំ​តស៊ូ​រហូត​បង្កើត​ចេញ​ជា​ស្លាកយីហោ​និង​ក្រុមហ៊ុន​ល្បីល្បាញ មាន​ការ​ទទួល​ស្គាល់​ពី​មនុស្ស​រាប់​រយ​លាន​នាក់​ជុំវិញ​ពិភពលោក។ សង្ខេប​ចេញ​ពី​ដំណើរ​ជីវិត​នៃ​ស្ថាបនិក ៥ រូប​របស់ Amazon, Apple, Facebook និង Tesla អំឡុង​ពេល​ស្ថិត​ក្នុង​វ័យ ២៥ ឆ្នាំ តើ​បុគ្គល​ជោគជ័យ​ទាំង​នោះ​ជួប​ប្រទះ​រឿង​អ្វី​ខ្លះ?

+ស្ថាបនិក​និង​នាយ​ប្រតិបត្តិ Amazon លោក Jeff Bezos:

កាល​ពី​អាយុ ២៤ ឆ្នាំ លោក Bezos ទើប​តែ​ទៅ​បម្រើការ​ឲ្យ​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី​ឲ្យ​គ្រឹះស្ថាន​ធនាគារ Bankers Trust។ ប៉ុន្តែ​ពីរ​ឆ្នាំ​បន្ទាប់ ក៏​ស្រាប់​ក្លាយ​ខ្លួន​ជា​អនុប្រធាន​ក្រុមហ៊ុន​ដែល​មាន​វ័យ​ក្មេង​បំផុត។

+ស្ថាបនិក Apple លោក Steve Jobs:

អំឡុង​ពេល​បញ្ចប់​ការ​បើក​ទីផ្សារ​ជួញដូរ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ធ្នូ ឆ្នាំ ១៩៨០ ក្រុមហ៊ុន Apple Computer មាន​តម្លៃ​ទីផ្សារ ១,២ ពាន់​លាន​ដុល្លារ ជា​កត្តា​ជំរុញ​ឲ្យ​ស្ថាបនិក​រូប​នេះ​ក្លាយ​ជា​សេដ្ឋី ក្នុង​ចំណោម​បុរស ៣ រូប​ឯ​ទៀត ប៉ុន្តែ Steve មាន​វ័យ ២៥ ឆ្នាំ។

+ស្ថាបនិក Facebook លោក Mark Zuckerberg:

ដំណើរការ​ក្រុមហ៊ុន Facebook បាន​រយៈ​ពេល ៥ ឆ្នាំ មុន​ពេល​លោក​ឈាន​ចូល​វ័យ ២៥ ឆ្នាំ ហើយ​គ្រា​នោះ​ក្នុង​ឆ្នាំ ២០០៩ បណ្តាញ​សង្គម​យក្ស​មួយ​នេះ​កំពុង​ទទួល​បាន​ផល​វិជ្ជមាន ពោល​គឺ​មាន​អ្នក​ប្រើប្រាស់​ឡើង​ដល់ ៣០០ លាន​នាក់​ជា​លើក​ដំបូង។ ក្នុង​ពេល​នោះ​លោក​បាន​សរសេរ​លើ Facebook ដូច្នោះ​ថា៖ "មធ្យោបាយ​ដែល​យើង​គិត​អំពី​រឿង​នេះ គឺ​ទើប​តែ​ជា​ចំណុច​ចាប់​ផ្តើម​នូវ​គោលដៅ​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​របស់​មនុស្ស​គ្រប់​គ្នា"។ ឈាន​ដល់ ១ ឆ្នាំ​បន្ទាប់ Mark ជាប់​ឈ្មោះ​ជា Person of the Year លើ​ទស្សនាវដ្ដី​ Time។

+ស្ថាបនិក Oracle លោក Larry Ellison:

ក្រោយ​ផ្លាស់​ទៅ​រស់នៅ​ទីក្រុង Berkely រដ្ឋ California បុរស​វ័យ ២២ ឆ្នាំ ដែល​បោះបង់​ការ​សិក្សា​បាន​ប្រែ​ក្លាយ​ជា​ស្ថាបនិក​ក្រុមហ៊ុន Oracle ក្រោយ​ពេល​លោក​ចាប់​យក​ចំណេះ​ទាំង​អំបាលម៉ាន​កាល​នៅ​សិក្សា​មក​បង្រៀន​ខ្លួន​ឯង​អំពី​ការ​បង្កើត​កម្មវិធី​លើ​កុំព្យូទ័រ។ ស្វែងរក​ការងារ​បច្ចេកទេស​ជា​ច្រើន​កន្លែង​ដូច​នៅ Fireman's Fund, Wells Fargo និង AMPEX មុន​បញ្ចប់​នៅ Amdahl Corp., ជា​កន្លែង​ដែល​បុរស​កើត​ក្នុង​ទ្រនំ​ក្រ​ខ្សត់​រូប​នេះ​អាច​ចេះ​ជំនាញ​ត​ប្រព័ន្ធ​បណ្តាញ​ឲ្យ IBM។

+ស្ថាបនិក Tesla និង SpaceX លោក Elon Musk:

កៀក​ដល់​វ័យ ២៥ ឆ្នាំ Musk បាន​សម្រេច​បោះបង់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​សកលវិទ្យាល័យ Stanford ហើយ​វិល​មក​ចូលរួម​ជាមួយ dot-com ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​អ៊ីនធឺណិត​ដំបូង​បង្អស់​របស់​ខ្លួន​ឲ្យ​ឈ្មោះ Zip2។ លុះ ៤ ឆ្នាំ​ក្រោយ Compaq បាន​បោះទុន ៣០៧ លាន​ដុល្លារ​ទិញ​យក​ក្រុមហ៊ុន​របស់​លោក ហើយ Musk ក៏​ផ្តើម​ប្រើ​លុយ​នោះ​បង្កើត Startup ថ្មី​មួយ​ទៀត​គឺ PayPal។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់