• 2018-05-29 23:35:00
  • ប្រវត្តិបច្ចេកវិទ្យា

Steve Jobs អ្នក​បង្កើត​ Apple សោះ ហេតុ​អ្វី​បែរ​ត្រូវ​ Apple ដេញ​ចេញ?

  • 2018-05-29 23:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាំង​អស់​គ្នា​ប្រហែល​ជា​ដឹង​ហើយ​ថា​ក្រុមហ៊ុន​ Apple បង្កើត​ឡើង​ដោយ​លោក​ Steve Jobs និង​លោក​ Steve Wozniak​​ នៅ​​ថ្ងៃ​ទី​ ១ ខែ​មេសា​ ឆ្នាំ​ ១៩៧៦ ពេល​លោក​ Steve Jobs មាន​វ័យ​ ២០ ឆ្នាំ។

លោក Steve Wozniak (ឆ្វេង) និងលោក Steve Jobs

អ្នក​ទាំង​ពីរ​​បាន​បញ្ចេញ​ទាំង​កម្លាំង​កាយ​ និង​កម្លាំង​ចិត្ត ដោយ​ ១០ ឆ្នាំ​ក្រោយ​មក​ ​ Apple បាន​ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ​ ២ ពាន់​លាន​ដុល្លារ និង​មាន​បុគ្គលិក​​ជាង​ ៤ ពាន់​នាក់។ ប៉ុន្តែ​ក្រោយ​ពី​បង្កើត​បាន​កុំព្យូទ័រ​ Macintosh ដែល​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​រួច​មក​ លោក​ Steve Jobs ក៏​ត្រូវ​បាន​ Apple បញ្ឈប់​ពី​ការងារ​ ជា​ពេល​ដែល​លោក​​ទើប​ឈាន​ចូល​វ័យ​ ៣០ ឆ្នាំ។ ដល់​កន្លែង​នេះ​ច្បាស់​ជា​មាន​អ្នក​ងឿង​ឆ្ងល់​ថា​ ៖ "ហេតុ​អ្វី​លោក​ Steve ត្រូវ​​បាន​ក្រុមហ៊ុន​ដែល​ខ្លួន​ជា​អ្នក​បង្កើត​ បញ្ឈប់​ពី​ការងារ​នោះ?”

លោក Steve Jobs និងកុំព្យូទ័រ Macintosh

ទាក់ទង​នឹង​ចំណុច​នេះ​ លោក​ Steve Jobs ធ្លាប់​បាន​បក​ស្រាយ​​ដូច​ត​ទៅ​នេះ ៖​

"ពេល​ដែល​ Apple រីក​ធំ​ទៅ​ យើង​ (Apple) បាន​ជួល​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​គិត​ថា​​មាន​ទេពកោសល្យ​អាច​កាន់​កាប់​ក្រុមហ៊ុន​ជា​មួយ​ខ្ញុំ ហើយ​សម្រាប់​ឆ្នាំ​ដំបូង​គ្រប់​យ៉ាង​ដំណើរ​ការ​បាន​ល្អ​ណាស់។ ប៉ុន្តែ​ក្រោយ​មក​​ចក្ខុវិស័យ​របស់​ពួក​យើង​​មិន​ស្រប​ទិស​គ្នា ហើយ​​ពួក​យើង​មាន​​ភាព​ខ្វែង​គំនិត​គ្នា​ទៀត​ផង។

លោក​ Steve Jobs ឡើង​ថ្លែង​សុន្ទរកថា​នៅ​វិទ្យាល័យ​ Stanford ឆ្នាំ ២០០៥

ពេល​កើត​មាន​រឿង​នេះ ​ក្រុម​ប្រឹក្សា​ភិបាល​របស់​ពួក​យើង (Apple) ឈរ​នៅ​ខាង​គាត់ (បុគ្គលិក​ដែល​ Steve បាន​ជួល)។ ហេតុ​នេះ​ហើយ​ នៅ​វ័យ​ ៣០ ឆ្នាំ​ ខ្ញុំ​ក៏​បាន​ចេញ​ ហើយ​ចេញ​ជា​សាធារណៈ​ទៀត​ផង។ អ្វី​ដែល​ខ្ញុំ​បាន​​ដាក់​ចិត្ត​ធ្វើ​ពេញ​មួយ​ជីវិត​ បាន​រលាយ​បាត់ ហើយ​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ងើប​មុខ​លែង​រួច"។

លោក Steve Jobs (ឆ្វេង) និងលោក John Sculley

បុគ្គលិក​ដែល​​ត្រូវ​បាន​ Steve Jobs ជួល​ដើម្បី​ជួយ​កាន់​កាប់​ Apple រូប​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​លោក​ John Sculley។ លោក​ John Sculley បាន​ចូល​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple នៅ​ថ្ងៃ​ទី​ ៨ ខែ​មេសា​ ឆ្នាំ​ ១៩៨៣ រហូត​ដល់​ឆ្នាំ​ ១៩៩៣ ជា​ឆ្នាំ​ដែល​រូប​លោក​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ភិបាល​បង្ខំ​ឲ្យ​​ចាក​ចេញ​ពី​ Apple។ ​​​​​​ ​​​​​​​

ត្បិត​ថា​លោក​ Steve Jobs ​ត្រូវ​​បាន​បញ្ឈប់​ពី​ Apple មែន​ ប៉ុន្តែ​ Apple បាន​សម្រេច​អូស​លោក​ Steve Jobs មក​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​វិញ​នៅ​ឆ្នាំ​ ១៩៩៧ តាម​រយៈ​ការ​ទិញ​យក​ក្រុមហ៊ុន​ NeXT ដែល​បង្កើត​ឡើង​ដោយ​លោក​ Steve Jobs នៅ​ឆ្នាំ​ ១៩៨៥។ លោក​ Steve Jobs វិល​ត្រឡប់​ចូល​ Apple វិញ​ក្នុង​តំណែង​ជា​នាយក​ប្រតិបត្តិ​បណ្ដោះ​អាសន្ន​របស់​ក្រុមហ៊ុន៕​

​​

ប្រភព៖ CNN | Wikipedia | News.Stanford ប្រែ​សម្រួល៖ សុខហេង

មតិយោបល់