• 2018-05-22 02:05:57
  • គន្លឹះ

បើ iPhone ម៉ូឌែល​ថ្មីស៊ី​ថ្ម​ខ្លាំង កុំ​ភ័យ​​ មាន​វិធី​ដោះស្រាយ​ងាយ​ដូច​បក​ចេក

  • 2018-05-22 02:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​វិវត្ត​ដល់​ជំនាន់ iPhone 8/8 Plus និង iPhone X នៅ​ចុង​ឆ្នាំ ២០១៧ ហើយ​ក៏​មាន​ផែនការណ៍ ដាក់​បង្ហាញ iPhone ថ្មី​ផ្សេង​ទៀត​ក្នុង​ឆ្នាំ ២០១៨ នេះ។ ប៉ុន្តែ​មតិ​អាក់អន់ចិត្ត​មួយ​ចំនួន ក៏​ផ្ទុះ​ចេញ​ពី​មាត់​អ្នក​ប្រើប្រាស់ ដែល​ពោល​ថា​ទូរសព្ទ​របស់​ខ្លួន ហាក់​ស៊ី​ថ្ម​ខ្លាំង នោះ​ក៏​មក​ពី​បញ្ហា Software ដោយ​អ្នក​ប្រើ​អាច​សាកល្បង​ជួសជុល​ដោយ​ខ្លួន​ឯង​បាន។

១.បិទ​មុខងារ True Tone Display:

លើ​ iPhone បី​ជំនាន់​ចុង​ក្រោយ​នេះ មាន​មុខងារ​កែប្រែ​កម្រិត​ពណ៌​អេក្រង់​ផ្អែក​តាម​បរិយាកាស​ជុំវិញ​ខ្លួន។ បទពិសោធន៍​ប្រើប្រាស់​នេះ​ក៏​ទាមទារ​ថាមពល​ថ្ម​ខ្លាំង​ចេញ​ពី​ម៉ាស៊ីន បែប​នេះ​ប្រសិន​មិន​ចាំ​បាច់​អ្នក​អាច​បិទ​ដំណើរការ ដោយ​ចូល​ទៅ​ Settings > Display & Brightness > ចុច​បិទ​លើ​មុខងារ True Tone។

២.បិទ​មុខងារ Raise to Wake:

ណែនាំ​តាំង​ពី​ជំនាន់ iOS 10 ដែល​ស្វ័យប្រវត្តិ​ឲ្យ iPhone ពន្លឺ​ភ្លើង​អេក្រង់ ពេល​អ្នក​លើក​ទូរសព្ទ​ឡើង។ ក្នុង​កាលៈទេសៈ​ខ្លះ​ក៏​មិន​ជា​ចាំ​បាច់ អ្នក​អាច​ចូល​ទៅ Settings > Display & Brightness រើស​បិទ​មុខងារ Raise to Wake។

៣.បិទ Location Service ឬ​ដាក់​កម្រិត:

មុខងារ​ចាប់​ទីតាំង​នៃ​ឧបករណ៍ នរណា​ក៏​ដឹង​ថា​ស៊ី​ថ្ម​ខ្លាំង​បំផុត ពោល​គឺ​អ្នក​ប្រើ​ខ្លះ​មិន​បាន​ចាប់​អារម្មណ៍​បើក​ចោល​អំឡុង​ពេល​លេង​ហ្គេម​ឬ​ដំណើរការ​កម្មវិធី។ ដើម្បី​បិទ​ចូល​ទៅ Settings > Privacy រើស​យក Location Service រួច​ធ្វើ​ការ Turn Off ឬ​ដាក់​កម្រិត​លើ​កម្មវិធី​ដែល​ត្រូវ​ការ​ប្រើប្រាស់​បាន​ហើយ។

៤.បិទ​ឬ​កំណត់​ការ​ត្រួតពិនិត្យ Email:

អំឡុង​ពេល​ដាក់​គណនី​ Email ចូល​ទៅ​ក្នុង​កម្មវិធី Mail អ្នក​អាច​កំណត់​ពេល​វេលា​នៃ​ការ​ត្រួត​ពិនិត្យ​ការ​ផ្ញើ​ចូល​ថ្មី បែប​នេះ​ដើម្បី​ផ្អាក​ឲ្យ​ដំណើរការ​លឿន​ឬ​បិទ​ចោល​តែ​ម្តង អ្នក​ចូល​ទៅ Settings > Account & Passwords រើស​យក Fecth New Data ហើយ​កំណត់​ថេរវេលា​កាន់​តែ​យូរ​កាន់​តែ​ល្អ។

៥.ពិនិត្យ​មើល Battery Usage:

ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា​តើ​កម្មវិធី​ណា​ដែល​ស៊ី​ថ្ម​ខ្លាំង​បំផុត​លើ iPhone របស់​អ្នក ហើយ​ត្រួតពិនិត្យ​ម្តង​ទៀត បើ​ពុំ​ចាំ​បាច់​ក៏​ធ្វើ​ការ​លុប​ចោល​តែ​ម្តង។ ចូល​ទៅ Settings > Battery មើល​ត្រង់​បណ្តុំ​ Apps ក្នុង​រយៈ​ពេល ២៤ ម៉ោង​មុន និង ៧ ថ្ងៃ​មុន បើ​ឃើញ​កម្មវិធី​ណា​មួយ​ស៊ី​ថ្ម​ខ្លាំង ក៏​គួរ​បិទ​ចេញ​ពី App Switcher ជា​ជាង​បើក​ចោល​ឥត​អំពើ។

៦.បិទ​មុខងារ Background App Refresh:

មិន​ខុស​ពី​ការ​ណែនាំ​សព្វ​ដង អ្នក​ប្រើ iPhone សឹង​គ្រប់​សេរ៊ី គួរ​បិទ​មុខងារ​មួយ​នេះ​ចោល ដោយ​ចូល​ទៅ Settings > General រើស​យក Background App Refresh រួច​ធ្វើ​ការ Turn Off។

៧.បិទ​ការ​ត​ភ្ជាប់​មិន​សំខាន់:

ការ​ត​ភ្ជាប់​ឥត​ខ្សែ​មាន​ដូច​ជា Wi-Fi, Bluetooth ឬ Cellular Data កុំ​ទម្លាប់​បើក​ចោល បើ​ពុំ​ប្រើប្រាស់ ជា​ពិសេស​ការ​ប្រើ​អ៊ីនធឺណិត​ស៊ីម។ ប្រសិន​អ្នក​ប្រើ Wi-Fi ហើយ ក៏​ល្មម​បិទ​មុខងារ​នោះ​ចោល​តែ​ម្តង​ទៅ។

៨.បិទ​មុខងារ Hey Siri:

បើ​ទីផ្សារ​ក្រៅ​ស្រុក​អាច​មាន​អ្នក​ប្រើ​ច្រើន ប៉ុន្តែ​នៅ​ក្នុង​ស្រុក​អាច​ថា​កម្រ​ណាស់​ដែល​ម្ចាស់ iPhone ឆ្លើយឆ្លង​នឹង​មុខងារ Siri។ ចូល​ទៅ Settings > Siri & Search រួច​ទាញ​បិទ Hey Siri។

៩.បើក​មុខងារ Low Power Mode:

មុខងារ​នេះ​ងាយ​ស្រួល​ត្រង់​ថា​វា​នឹង​បិទ​ដំណើរការ​ការ​ប្រើប្រាស់​ដែល​ពុំ​ចាំ​បាច់ ដូច​ជា​ Mail Fecth ស្វ័យ​ប្រវត្តិ, ការ Download និង Animation មួយ​ចំនួន។ ចូល​ទៅ Settings > Battery ចុច​បើក​លើ Low Power Mode។

១០.ការ​កំណត់​ពន្លឺ​អេក្រង់:

នេះ​ផ្អែក​តាម​កាលៈទេសៈ​និង​បរិយាកាស​ពន្លឺ​នៅ​ជុំវិញ​ខ្លួន ជា​ឧទាហរណ៍​ដូច​នៅ​ទីតាំង​ងងឹត បើ​អ្នក​បើក​ពន្លឺ​អេក្រង់​មួយ​អស់​ដៃ នោះ​ក្រៅ​ពី​ស៊ី​ថាមពល​ថ្ម ទៀត​សោត​ក៏​ធ្វើ​ឲ្យ​ភ្នែក​ស្រវាំង​ខ្លាំង​ដូច​គ្នា ម្ល៉ោះ​ហើយ​អ្នក​គួរ​លៃលក​ពន្លឺ​អេក្រង់ ឲ្យ​សមាមាត្រ​ទៅ​តាម​ទីតាំង​និង​ល្អ​សម្រាប់​សុខភាព​ភ្នែក។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់