- 2018-05-21 03:35:08
- ប្រវត្តិបច្ចេកវិទ្យា
OnePlus តម្លៃតាំងពី ២៩៩ ដុល្លារ ឡើងដល់ ៥២៩ ដុល្លារ
- 2018-05-21 03:35:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
OnePlus តម្លៃតាំងពី ២៩៩ ដុល្លារ ឡើងដល់ ៥២៩ ដុល្លារ
ចន្លោះមិនឃើញ
OnePlus ជាម៉ាកទូរសព្ទមានលក្ខណៈសម្បត្តិខ្លាំង និងមានតម្លៃធូរថ្លៃបំផុត បើធៀបនឹងស្មាតហ្វូនដទៃ។ ជាក់ស្ដែង OnePlus One ដែលចេញនៅឆ្នាំ ២០១៣ មានតម្លៃត្រឹម ២៩៩ ដុល្លារ (តម្លៃលើទីផ្សារបរទេស)។
យ៉ាងណាក្ដីតម្លៃរបស់ស្មាតហ្វូន OnePlus ក៏បន្តមានការកើនឡើងពីមួយស៊េរី ទៅមួយស៊េរី ប៉ុន្តែមានការកើនឡើងតិចតួចបំផុត។ ខាងក្រោមនេះ បង្ហាញពីតម្លៃរបស់ស្មាតហ្វូន OnePlus ដែលចេញកន្លងមក ៖
#OnePlus One តម្លៃ ២៩៩ ដុល្លារ
ជាមួយបន្ទះឈីប Snapdragon 801, RAM ទំហំ ៣ GB, អេក្រង់ LCD ទំហំ ៥,៥ អ៊ីញ បង្ហាញរូបភាព ១០៨០ ភីកសែល លក្ខណៈសម្បត្តិនេះធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ដោយវាមានតម្លៃត្រឹម ២៩៩ ដុល្លារប៉ុណ្ណោះ។
#OnePlus Two តម្លៃ ៣២៩ ដុល្លារ
OnePlus Two ប្រកាសចេញក្រោយ OnePlus One បង្ហាញមុខបានជាងមួយឆ្នាំ ជាមួយបន្ទះឈីប Snapdragon 810, RAM ទំហំ ៣ ឬ ៤ GB, ទ្រនាប់ស្កេនម្រាមដៃ, រន្ធ USB-C, ថ្មធំជាងមុន និង មានបច្ចេកវិទ្យារក្សាលំនឹង OIS លើកាមេរ៉ាផងដែរ។ លក្ខណៈសម្បត្តិកប់ជាងមុន ប៉ុន្តែតម្លៃរបស់វាឡើងថ្លៃតែ ៣០ ដុល្លារប៉ុណ្ណោះ។
#OnePlus 3 តម្លៃ ៣៩៩ ដុល្លារ
OnePlus 3 មានបំពាក់បន្ទះឈីប Snapdragon 820, មាន RAM ទំហំ ៦ GB, អង្គផ្ទុកទិន្នន័យ ៦៤ GB, អេក្រង់ AMOLED និងបច្ចេកវិទ្យាសាកថ្មបានលឿន Dash Charge។ កាមេរ៉ាខ្លាំងជាងមុន ប៉ុន្តែថាមពលថ្មបានទម្លាក់មកនៅត្រឹម ៣០០០ mAh ប៉ុណ្ណោះ។
#OnePlus 3T តម្លៃ ៤៣៩ ដុល្លារ
OnePlus 3T មានការអាប់ដេតបន្តិចបន្តួចលើស OnePlus 3 ដោយមានបន្ទះឈីប Snapdragon 821, កាមេរ៉ាមុខ ១៦ MP, ថ្ម ៣៤០០ mAh និង មានជម្រើសអង្គផ្ទុកទិន្នន័យ ១២៨ GB។
#OnePlus 5 តម្លៃ ៤៧៩ ដុល្លារ
រំលងលេខ ៤ ដែលជាលេខតំណាងឲ្យសំណាងអាក្រក់ OnePlus បានចេញ OnePlus 5 យកតែម្ដង ដោយជាស្មាតហ្វូនដំបូងរបស់ OnePlus មានកាមេរ៉ាភ្លោះ។ វាមានបំពាក់បន្ទះឈីប Snapdragon 835, RAM ទំហំ ៦ ឬ ៨ GB និងអង្គផ្ទុកទិន្នន័យ ៦៤ ឬ ១២៨ GB។
រូបរាងរបស់ OnePlus 5 ស្រដៀងគ្នានឹង iPhone 7 ហើយមានកាមេរ៉ាភ្លោះកម្រិត ១៦ MP លាយនឹង ២០ MP។ OnePlus 5 ទទួលបានការរិះគន់ដោយមានការ Upgrade ដែលមិនសមនឹងមានការឡើងថ្លៃ លើសជិត ១០០ ដុល្លារ។
#OnePlus 5T តម្លៃ ៤៧៩ ដុល្លារ
លក្ខណៈសម្បត្តិ 5T មិនខុសពី 5 ធម្មតាខ្លាំងប៉ុន្មានឡើយ ពោលមានផ្លាស់ប្ដូរតែអេក្រង់មានទំហំ ៦ អ៊ីញ ដែលមានមាត្រដ្ឋាន 18:9 និងបានប្ដូរទ្រនាប់ស្កេនទៅខាងក្រោយ ហើយមានមុខងារដោះសោដោយប្រើផ្ទៃមុខ។
#OnePlus 6 តម្លៃ ៥២៩ ដុល្លារ
OnePlus 6 មានរូបរាងថ្មីស្រោបដោយកញ្ចក់ និង មានអេក្រង់ AMOLED ធំជាងមុន អាចបង្ហាញរូបភាពក្នុងកម្រិតខ្ពស់ជាងមុន និង មានបន្ទះឈីប Snapdragon 845។ បន្ថែមពីនេះមានកាមេរ៉ាភ្លោះសមត្ថភាពប្រសើរជាងមុន, អាចធន់នឹងទឹក ហើយអាចចូលរួមនឹងកម្មវិធី Android P Beta ផងដែរ។
តាមការបង្ហាញនេះ ឃើញថា OnePlus 2 ឡើងមក OnePlus 3 មានការកើនឡើងតម្លៃច្រើនជាងគេ រហូតដល់ ៧០ ដុល្លារ។ ការឡើងថ្លៃនេះមានថែមគ្រឿងក្នុងថ្មី, ប្ដូរប្រើអេក្រង់ OLED និង ការបង្ហាញមុខរបស់បច្ចេកវិទ្យា Dash Charge ផងដែរ៕