• 2018-05-11 04:28:38
  • ព័ត៌មាន

ត្បិត​កាយសម្បទា​មិន​ល្អ បុរស​ម្នាក់​តស៊ូ​បើក​របរ​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង មិន​ខ្ចី​ដើរ​សុំទាន​គេ

  • 2018-05-11 04:28:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពុង​អង្គុយ​​ដៃ​កាន់​កូន​កាំបិត​សម្អាត​គ្រឿង​ម៉ូតូ និង​ជួស​ជុល​លោក ណាម តាក់ ប្រកប​របរ​នេះ​ជាង ១០ឆ្នាំ​មក​ហើយ។

ឆ្លើយ​តប​ជា​មួយ Sabay ទាំង​ដៃ​​កំពុង​តែ​ជួស​ជុល​ម៉ូតូ​ឲ្យ​ភ្ញៀវ លោក​បាន​រៀបរាប់​ពី​ជីវិត​របស់​លោក​មុន​ពេល​ក្លាយ​ជា​ជាង​ម៉ូតូ​ដូច​សព្វ​ថ្ងៃ​នេះ​ថា ក្រោយ​ពី​ត្រូវ​ភ្លើង​ឆេះ​កាល​លោក​មិន​ទាន់​ដឹង​ក្ដី និង​ធ្វើ​ឲ្យ​រាង​កាយ​របស់​លោក​មាន​ស្នាក់​ស្នាម ដៃ​មាន​បញ្ហា​ត្រូវ​កាត់​ម្រាម​ចេញ​មួយ​ចំនួន មិន​អាច​កាន់​របស់​របរ​អ្វី​បាន​ស្រួល​ដូច​គេ​ឯង ដោយ​ត្រូវ​សរសៃ​ទាញ​លោក​មិន​ទាន់​អស់​សង្ឃឹម​ក្នុង​ជីវិត​ឡើយ។

បើ​ទោះបី​ជីវិត​លោក​រស់​នៅ​ក្នុង​វត្ត និង​តាម​អង្គការ​ដោយ​សារ​គ្រួសារ​របស់​ពុំ​មាន​លទ្ធភាព​ចិញ្ចឹម​លោក​ក៏​ដោយ នៅ​ក្នុង​អំឡុង​ឆ្នាំ ២០០១ លោក​បាន​រស់​នៅ​ជា​មួយ​អង្គការ​មួយ​នៅ​ម្ដុំ​មន្ទីរពេទ្យ កៀន​ឃ្លាំង ក្រោម​គំនិត​មិន​ចង់​រស់​នៅ​បែប​នេះ​លោក​ក៏​សម្រេច​ចិត្ត​ចេញ និង​រក​អ្វី​ធ្វើ​ដោយ​ខ្លួន​ឯង​ដើម្បី​ចិញ្ចឹម​ជីវិត។

ក្រោយ​ពេល​ចាក់ចេញ​ពី​អង្គការ​នេះ​លោក​បាន​សម្រេច​ចិត្ត​រៀន​ជំនាញ​ជាង​ម៉ូតូ ព្រោះ​គិត​ថា​ចេះ​ត្រឹម​ប៉ះ​កង និង​បូម​ខ្យល់​ម៉ូតូ​រក​ប្រាក់​ចិញ្ចឹម​ក្រពះ​ប៉ុណ្ណោះ។

បន្ទាប់​ពី​រៀន​ជំនាញ​នេះ​បាន​ត្រឹម ៥៦ ថ្ងៃ​ប៉ុណ្ណោះ​លោក​ក៏​សូម​មេជាង​ចេញ និង​ចង់​ការ​គេ​លុយ​គេ​ចំនួន ៣០០ ដុល្លារ ទិញ​ធុង​ខ្យល់​ដើម្បី​ប៉ះ​ម៉ូតូ​នៅ​ម្ដុំ​រង្វង់​មូល​ជ្រោយចង្វា ត្រើយ​ខាង​កើត​និង​បន្ត​រៀន​ធ្វើ​ម៉ូតូ​បន្ថែម​នៅ​ថ្ងៃ​សៅរ៍ អាទិត្យ។

ក្រោយ​ធ្វើ​បាន ២​ឆ្នាំ​លោក​ក៏​បាន​ប្ដូរ​​មក​តាម​ម្ចាស់​ដី​ដែល​ស្ថិត​នៅ​ក្បែរ​នេះ​ដែរ និង​បាន​ជួល​ជាង​មក​បង្រៀន​បន្ថែម​នៅ​កន្លែង។

ប៉ះ​កង​ម៉ូតូ​រាល់​ថ្ងៃ និង​រៀន​បន្ថែម​បណ្ដើរ​លោក ណាម តាក់ ចេះ​ធ្វើ​ម៉ូតូ​បាន​ច្រើន​និង​អាច​រើ​គ្រឿង​ម៉ាស៊ីន​ម៉ូតូ​បាន។ បើ​ទោះបី​ជា​រក​ចំណូល​បាន​បន្តិច​បន្តួច​ពី ២ ទៅ ៣​ម៉ីន​ក្នុង​មួយ​ថ្ងៃ​លោក​ប្រាប់​ថា​មិន​បាន​ចំណាយ​លើ​អ្វី​ច្រើន​ទេ​ព្រោះ​ម្ចាស់​ដី​មិន​បាន​យក​ថ្លៃ​ឈ្នួល ថែម​ទាំង​ផ្ដល់​បាយ​មួយ​ពេល​ក្នុង​មួយ​ថ្ងៃ​សម្រាប់​គ្រួសារ​​លោក​ផង​ដែរ។

បើ​ទោះ​ជា​ត្រូវ​ជួប​ការ​លំបាក​ច្រើន​ពេល​ធ្វើ​ម៉ូតូ​ពិបាក​កាន់​សោ​មាន​កម្លាំង​មិន​សូវ​គ្រប់ និង​ត្រូវ​ភ្ញាក់​ពី​ព្រលឹម​ម៉ោង ៦ និង​ត្រូវ​ធ្វើ​រហូត​ដល់​ម៉ោង ១០ ឬ ១១ យប់​ក៏ដោយ​ក៏​លោក​ប្រាប់​ថា​ជា​របរ​សុចរិត និង​មិន​ដើរ​សូម​ទាន​គេ​ឡើយ​ទោះ​ខ្លួន​ពិកា​បែប​នេះ។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចងានបន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់