• 2018-04-28 03:37:00
  • ព័ត៌មាន

កម្ពុជា នឹង​មាន​រោងចក្រ​ផលិត​គ្រឿង​ផ្គុំ​កង់​ បើ​គម្រោង​នេះ​ជោគជ័យ

  • 2018-04-28 03:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​កង់​របស់​អាមេរិក និង​ចិន​តៃប៉ិ ដែល​បាន​បណ្តាក់​ទុន​នៅ​កម្ពុជា មាន​បំណង​ពង្រីក​ការ​វិនិយោគ​លើការ​ផលិត​គ្រឿង​បង្គុំ​ផ្សេងៗ សម្រាប់​ដំឡើង​កង់​ដែលមាន​លក្ខណៈ​ពេញលេញ ជា​ផលិតផល​សុទ្ធ ១០០% របស់​កម្ពុជា (Made in Cambodia) ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ។

រូប​តំណាង

គម្រោង​នេះ ត្រូវបាន​បង្ហើប​នៅក្នុង​ជំនួប​ពិភាក្សា រវាង​លោក Robert Margevicius តំណាង​ក្រុមហ៊ុន​និង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាលពី​រសៀល​ថ្ងៃទី២៤ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម។

លោក Robert Margevicius ​បាន​និយាយ​ថា កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដំឡើង និង​ផលិត​នាំចេញ​កង់ធំ​បំផុត​លំដាប់​ទី២​នៅលើ​ពិភពលោក ដែល​មាន​ចំណែក​ទីផ្សារ​នៅ​សហគមន៍​អឺរ៉ុប សហរដ្ឋ​អាមេរិក កាណាដា អាស៊ាន និង​ប្រទេស​អាស៊ី​ផ្សេងទៀត ក៏​ប៉ុន្តែ​កម្ពុជា​ពុំមាន​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​កង់​នៅឡើយ គឺ​ត្រូវ​នាំចូល​ពី​ប្រទេស​ផ្សេងៗ។

ជាមួយគ្នា​នេះ លោក Robert Margevicius បាន​ស្នើសុំ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម ជួយ​គាំទ្រ​គម្រោង​នេះ ដើម្បី​ក្រុមហ៊ុន​ទាំងអស់ អាច​ចូលរួម​ធ្វើ​ពិពិធកម្ម​វិស័យ​ការងារ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា។

ជាការ​ឆ្លើយតប លោក ប៉ាន សូរស័ក្តិ បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​គម្រោង​វិនិយោគ​នេះ ហើយបាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ ធ្វើការ​សម្រប​សម្រួល និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដើម្បី​ឲ្យ​គម្រោង​នេះ​ដំណើរការ​ទៅដោយ​រលូន។

កិច្ចប្រជុំរវាងតំណាងក្រុមហ៊ុនផលិតកង់របស់អាមេរិក និងចិនតៃប៉ិជាមួយលោក ប៉ាន សូរស័ក្តិ កាលពីថ្ងៃទី២៤ ខែមេសា | រូប​បថត៖ FB ក្រសួងពាណិជ្ជកម្ម

បើតាម​របាយការណ៍​ពី​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​ឲ្យដឹង​ថា កាលពី​ឆ្នាំ ២០១៧ កម្ពុជា​បាន​ផលិត និង​ដំឡើង​កង់​ នាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក​ចំនួន​ជាង ១,៨​លាន​គ្រឿង ​គិតជា​ទឹកប្រាក់​ស្មើនឹង ៣៦១លាន​ដុល្លារ គឺបាន​កើនឡើង ២៩% បើ​ធៀបនឹង​ឆ្នាំ​២០១៦។

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជិត​ព្រំប្រទល់​ព្រំដែន​កម្ពុជា និង​វៀតណាម គឺជា​ទីតាំង​ផលិត និង​ដំឡើង​កង់​ធំ​បំផុត​របស់​កម្ពុជា៕

ប្រភព៖ Kley Kley អត្ថបទ៖ សំភី

មតិយោបល់