- 2018-02-24 03:13:41
- ព័ត៌មាន
មេ Apple និយាយថាមិនបានចម្លងស្មាតហ្វូន Android
- 2018-02-24 03:13:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Apple និយាយថាមិនបានចម្លងស្មាតហ្វូន Android
ចន្លោះមិនឃើញ
Apple តែងត្រូវបានគេចោទប្រកាន់ថាចម្លងតាមគូប្រជែង ហើយ iPhone X ជាឧទាហរណ៍ជាក់ស្ដែងមួយ។ ក្រុមហ៊ុននេះបានបញ្ចេញមុខងារសាកថ្មឥតខ្សែលើ iPhone X បន្ទាប់ពីស្មាតហ្វូន Android មានប្រើមុខងារនេះយូរឆ្នាំមកហើយ។ យ៉ាងណាក្ដីលោក Tim Cook បានប្រកែកថានេះមិនមែនជាការចម្លងនោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Fast Company កាលពីថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Apple បានលើកឡើងថា ៖
“ខ្ញុំមិននិយាយថាធ្វើតាមនោះទេ។ ខ្ញុំមិនប្រើពាក្យនេះទេ ព្រោះវាមានន័យថាយើងរង់ចាំមើលនរណាម្នាក់ដើម្បីដឹងថាគេកំពុងធ្វើអ្វី។ វាមិនដូច្នោះទេ។ អ្វីដែលកើតឡើងនោះគឺ ប្រសិនបើអ្នកមើលឲ្យជ្រៅ គឺយើង (Apple) តែងចាប់ផ្ដើមបង្កើតគម្រោងការលើមុខងារអ្វីមួយ រាប់សិបឆ្នាំមុននឹងប្រកាសវាចេញជាសាធារណៈ។ អ្នកមើលលើផលិតយើងមួយៗដូចជា iPod, iPad, iPhone, Apple Watch ពួកវាមិនមែនដំបូងគេ ប៉ុន្តែវាជាផលិតផលដំបូងគេដែលទាន់សម័យ ពិតទេ?”។
លោក Tim Cook បន្តបកស្រាយថាអតិថិជនមិនគួរក្លាយជាអ្នកប្រើប្រាស់សាកល្បងនោះទេ ហើយមូលហេតុដែលមុខងារខ្លះរបស់ iPhone ចេញក្រោយ Android ដោយសារតែក្រុមហ៊ុនត្រូវចំណាយពេលវេលា និងថវិកាបន្ថែមលើការធ្វើឲ្យល្អប្រសើរបំផុត មុននឹងបញ្ចេញឲ្យអតិថិជនប្រើប្រាស់៕